ក្រសួងការបរទេសចិន និយាយនៅថ្ងៃពុធនេះថា ការឆ្លងកាត់របស់នាវាផ្ទុកយន្តហោះចម្បាំងនៅដែនទឹកជិតកោះជប៉ុន គឺស្របច្បាប់ ក្រោយក្រសួងការពារជាតិជប៉ុន និយាយថា វាបានចូលដែនសមុទ្ររបស់ពួកគេជាលើកដំបូង ។
ឧបទ្ទវហេតុនេះជាឧបទ្ទវហេតុចុងក្រោយបង្អស់ក្នុងការពើបប្រទះយោធា ដែលបង្កើនភាពតានតឹងរវាងប្រទេសជិតខាងទាំង ២ ។
កាលពីខែមុន ជប៉ុនបានដាក់ការតវ៉ាចំពោះចិន បន្ទាប់ពីនាវាស៊ើបការណ៍មួយគ្រឿងរបស់កងទ័ពជើងទឹកពួកគេ បានធ្វើដំណើរចូលដែនទឹកជប៉ុន ភ្លាមៗក្រោយពេលបំពានដែនអាកាស ។
យោងតាមសារព័ត៌មានជប៉ុន បានឲ្យដឹងថា កាលពីខែកក្កដាកន្លងទៅ នាវាពិឃាតកងទ័ពជើងទឹកជប៉ុន បានចូលដ៏កម្រក្នុងដែនទឹករបស់ចិន នៅជិតកោះតៃវ៉ាន់ ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយនៅក្នុងសន្និសីទសារព័ត៌មានថា សកម្មភាពរបស់ពួកគេ ត្រឹមត្រូវក្រោមច្បាប់ក្នុងស្រុកចិន ក៏ដូចជាច្បាប់អន្តរជាតិ ៕


