តំបន់ខ្លះនៃប្រទេសចិន កំពុងរៀបចំត្រៀមទប់ទល់ព្យុះត្រូពិចថ្មី ដោយមានរយៈពេលត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ ដោយរួមមានទាំងទីក្រុងសៀងហៃផងដែរ ត្រូវបានវាយប្រហារដោយព្យុះទីហ្វុងដ៏ខ្លាំងបំផុតដែលទីក្រុងនេះបានជួបប្រទះលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ចាប់ពីថ្ងៃទី១២ ខែកញ្ញាមក ព្យុះទីហ្វុង Pulasan ត្រូវបានគេរំពឹងថា នឹងបោកបក់ដល់ដីគោក នៅតំបន់ឆ្នេរ ដោយគំរាមកំហែងរំខានដល់ការដឹកជញ្ជូន និងធ្វើឲ្យដំណើរការរបស់ផលិតកម្មរអាក់រអួល នៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយនេះ។
បើយោងតាមរបាយការណ៍ពីរដ្ឋបាលឧតុនិយមចិន បានឲ្យដឹងថា ភាគខាងជើងខេត្ត Zhejiang ទីក្រុងសៀងហៃ ភាគអាគ្នេយ៍ខេត្ត Anhui និងភាគខាងត្បូងខេត្ត Jiangsu នឹងរងផលប៉ះពាល់។ ខេត្ត Zhejiang បានចាប់ផ្ដើមអនុវត្តវិធានការឆ្លើយតបបន្ទាន់ ដើម្បីត្រៀមខ្លួនសម្រាប់ព្យុះទី១៤ នៅឆ្នាំនេះ។
ការិយាល័យអាកាសធាតុ បានប្រាប់ថា ទន្ទឹមនឹងនេះ ភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យាករនៅក្នុងខេត្តមួយចំនួនរួមមាន Shandong, Jiangsu, Henan និង Anhui រហូតដល់ថ្ងៃទី២០ ខែកញ្ញា នៅពេលដែលចំហាយនៃព្យុះទីហ្វុង Bebinca បក់បោកឆ្លងកាត់តំបន់នេះ។ ដោយត្រូវបានគេស្គាល់ឈ្មោះថា ជា Beibijia នៅក្នុងប្រទេសចិន ព្យុះនេះបានបណ្តាលឲ្យមានការលុបចោលជើងហោះហើរជាច្រើន និងការជម្លៀសខ្លួន នៅដើមសប្តាហ៍នេះ។
ខ្យល់ព្យុះជាបន្តបន្ទាប់ បានបោកបក់លើប្រទេសចិន និងអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដោយព្យុះទីហ្វុង Yagi បានឆក់យកជីវិតមនុស្សរាប់រយនាក់ និងធ្វើឲ្យដំណាំ និងហេដ្ឋារចនាសម្ព័ន្ធរងការខូចខាត កាលពីសប្តាហ៍មុន។ រដូវព្យុះទីហ្វុង នៅភាគខាងជើងមហាសមុទ្រប៉ាស៊ីហ្វិកជាធម្មតាមានរយៈពេលពីខែឧសភា ដល់ខែតុលា៕


