វីដេអូរបស់សាក្សីថតបានការផ្ទុះដ៏ធំមួយនៅតំបន់ Tver របស់រុស្ស៊ី នាព្រឹកទាបភ្លឺថ្ងៃពុធនេះ ។ រូបភាពវីដេអូឃ្លីបដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ឃើញការផ្ទុះ និងសំណុំផ្សែងនៅពីលើទីក្រុង Toropets ។
អភិបាលតំបន់ Tver បានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម Telegram កាលពីវេលាម៉ោង ៣ និង ៣១នាទីព្រឹកទាបភ្លឺថ្ងៃពុធនេះថា កិច្ចខិតខំ បានធ្វើឡើង ដើម្បីព្យាយាមពន្លត់អគ្គិភ័យ ។
ប្រភពព័ត៌មានពីទីភ្នាក់ងារសន្តិសុខរដ្ឋ SBU របស់អ៊ុយក្រែន និយាយថា ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បានបំផ្លិចបំផ្លាញឃ្លាំងស្តុកមីស៊ីល គ្រាប់បែកតម្រង់គោលដៅ និងគ្រាប់កាំភ្លើងធំ នៅក្នុងទីក្រុង Toropets ។
ប្រភពព័ត៌មាន បានឲ្យដឹងថា យានដ្រូនបណ្តាលឲ្យមានការផ្ទុះយ៉ាងខ្លាំងនៅឃ្លាំងដ៏ធំមួយរបស់អគ្គនាយកដ្ឋានមីស៊ីល និងកាំភ្លើងធំក្រសួងការពារជាតិរុស្ស៊ី ស្ថិតក្នុងទីក្រុង Toropets ។
ប្រភពបន្តទៀតថា ឃ្លាំងស្តុងគ្រាប់នេះ មានមីស៊ីលប្រើប្រាស់សម្រាប់ប្រព័ន្ធមីស៊ីលតាក់ទិក Iskander ប្រព័ន្ធមីស៊ីលតាក់ទិក Tochka-U គ្រាប់បែកតម្រង់គោលដៅ និងគ្រាប់កាំភ្លើងធំ ។
លោក Igor Rudenya គឺជាអភិបាលតំបន់ Tver និយាយថា យានដ្រូនរបស់អ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ អគ្គិភ័យ បានឆាបឆេះឡើង ហើយអ្នកស្រុកមួយចំនួន ត្រូវបានជម្លៀសចេញ ប៉ុន្តែលោកពុំបាននិយាយថា អគ្គិភ័យកំពុងឆាបឆេះអ្វីនោះទេ ៕


