អធិការបតីអូទ្រីសលោក Karl Nehammer និយាយនៅថ្ងៃពុធនេះថា ភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីសប្តាហ៍មុនមក បណ្តាលឲ្យកើតមានទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ តាមបណ្តាប្រទេសជាច្រើននៅភាគកណ្តាលអឺរ៉ុប ដោយបានសម្លាប់មនុស្ស ៥នាក់ នៅក្នុងប្រទេសរបស់លោក រួមទាំងភ្នាក់ងារពន្លត់អគ្គិភ័យពេលកំពុងពេញភារកិច្ចម្នាក់ផងដែរ ។
តំបន់រងផលប៉ះពាល់ខ្លាំងជាងគេរបស់អូទ្រីស នៅខេត្ត Lower Austria ដែលស្ថិតនៅជុំវិញទីក្រុងវីយែន និងជាប់ព្រំដែនជាមួយប្រទេសស្លូវ៉ាគី និងសាធារណរដ្ឋឆេក ។
លោក Nehammer បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពេលដែលទឹកស្រក គេនឹងមើលឃើញពីទំហំនៃការខូចខាត ហើយរដ្ឋាភិបាលរបស់លោក បានបញ្ចេញថវិកា ៤៥លានអឺរ៉ូដំបូងពីមូលនិធិគ្រោះមហន្តរាយជាតិ ។ លោកថា មូលនិធិនេះ អាចនឹងកើនឡើងដល់ ១ពាន់លានអឺរ៉ូ ។
លោក Nehammer និយាយទៀតថា អ្វីៗត្រូវធ្វើ ដើម្បីជួយដល់រដ្ឋទាំងនោះឲ្យបានឆាប់រហ័សបំផុត ដើម្បីឲ្យពួកគេអាចជួយដល់សហគមន៍ ហើយសហគមន៍អាចជួយពលរដ្ឋរងផលប៉ះពាល់ ៕



