ប្រភពចំនួន២ នៅថ្ងៃពុធ (ទី១៨ ខែកញ្ញា) នេះ បាននិយាយថា ប្រទេសក្រិកគ្រោងនឹងទិញយានដ្រូនឈ្មោះ Switchblade ពីសហរដ្ឋអាមេរិក ដើម្បីពង្រឹងបន្ថែមដល់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស ខណៈដែលខ្លួនបានធូរស្បើយពីវិបត្តិបំណុលរយៈពេល ១ទសវត្សរ៍។
ទីក្រុងអាតែនបានព្រាងផែនការទិញជាច្រើនពាន់លានអឺរ៉ូរយៈពេល ១០ឆ្នាំ ដែលរួមមានការទិញយន្តហោះចម្បាំង F-35 ថ្មីរហូតដល់ ៤០គ្រឿងពីសហរដ្ឋអាមេរិក និងនាវាចម្បាំង ៣គ្រឿងពីប្រទេសបារាំង។
គួរបញ្ជាក់ថា យានដ្រូន Switchblade ដែលផលិតដោយក្រុមហ៊ុន AeroVironment, Inc. ហោះហើរទៅកាន់គោលដៅ ហើយផ្ទុះតែម្ដង។ យាននេះទទួលបានការចាប់អារម្មណ៍ ដោយសារតែយោធាអ៊ុយក្រែន កំពុងប្រើប្រាស់វាយប្រហារទាហានរុស្ស៊ី។
មន្ត្រីក្រិកម្នាក់ដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងបានជ្រើសរើសយានដ្រូនប្រភេទ Switchblade ពីសហរដ្ឋអាមេរិក»។ តែប្រភពរូបនោះមិនបានបញ្ជាក់ថា តើទីក្រុងអាតែននឹងទិញប៉ុន្មានគ្រឿងនោះទេ។
ចំណែកមន្ត្រីម្នាក់ទៀតបាននិយាយថា ការចំណាយនឹងមានចំនួន ៧៥,២លានអឺរ៉ូ។ ប្រភពរូបនេះបាននិយាយថា ប្រធានបុគ្គលិកបានអនុម័តយានដ្រូន Switchblade ២ប្រភេទ ដែលមួយប្រភេទហោះបានចម្ងាយរហូតដល់ទៅ ២០គីឡូម៉ែត្រ និងមួយទៀតរហូតដល់ ៤០គីឡូម៉ែត្រ៕


