កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា ការអំពាវនាវរបស់កូរ៉េខាងត្បូង ដើម្បីប្រកាសបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការគឺឆាប់រហ័សពេកហើយ ព្រោះគ្មានការធានាថាវានឹងនាំឱ្យមានការដក “គោលនយោបាយអរិភាពរបស់អាមេរិក” ចំពោះទីក្រុងព្យុងយ៉ាងឡើយ នេះតាមសម្ដីរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Thae Song។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នៅថ្ងៃអង្គារបានអំពាវនាវជាថ្មីម្តងទៀតឱ្យបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ នៅក្នុងសុន្ទរកថាមួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ហើយបានស្នើឱ្យកូរ៉េទាំងពីរជាមួយសហរដ្ឋអាមេរិក ឬជាមួយសហរដ្ឋអាមេរិក និងចិន បង្កើតសេចក្តីប្រកាសបែបនេះ។ តាមភាសាបច្ចេកទេសកូរ៉េទាំងពីរនៅតែមានសង្គ្រាម បន្ទាប់ពីជម្លោះឆ្នាំ១៩៥០ ដល់ ១៩៥៣ របស់កូរ៉េទាំង២ បានបញ្ចប់ដោយមានត្រឹមបទឈប់បាញ់ជាជាងសន្ធិសញ្ញាសន្តិភាព។
លោក Ri បានប្រាប់សារព័ត៌មាន KCNA ដោយប្រើឈ្មោះផ្លូវការរបស់កូរ៉េខាងជើងសាធារណរដ្ឋប្រជាមានិតកូរ៉េថា "គ្មានអ្វីនឹងផ្លាស់ប្ដូរឡើយ ដរាបណាស្ថានភាពនយោបាយនៅជុំវិញកូរ៉េខាងជើងនៅតែមិនផ្លាស់ប្ដូរ ហើយគោលនយោបាយអរិភាពរបស់អាមេរិកមិនត្រូវបានផ្លាស់ប្ដូរទេនោះ ទោះបីការបញ្ចប់សង្គ្រាមត្រូវបានប្រកាសរាប់រយដងក៏ដោយ"៕
អត្ថបទ៖ សុខមាន