នៅថ្ងៃពុធនេះ ក្រសួងការបរទេសចិន បាននិយាយថា ពួកគេសូមធ្វើការជំទាស់ដាច់ណាត់ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឲ្យកោះតៃវ៉ាន់ ហើយនិងជំរុញទីក្រុងវ៉ាស៊ីងតោន បញ្ឈប់ការលក់អាវុធនេះជាបន្ទាន់ ។
ការធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ក្រោយចិនប្រកាសចំណាត់ការប្រឆាំងក្រុមហ៊ុនចំនួន ៩ដែលមានទំនាក់ទំនងជាមួយយោធាសហរដ្ឋអាមេរិកនៅថ្ងៃនេះ ជុំវិញការលក់អាវុធសហរដ្ឋអាមេរិកដល់កោះតៃវ៉ាន់ ដោយបង្កកទ្រព្យសកម្មរបស់ពួកគេនៅក្នុងប្រទេសចិន គឺជាជំហានចុងក្រោយគេបង្អស់ ដាក់សំពាធបន្ថែមទៀតលើសហរដ្ឋាមេរិក ឲ្យបញ្ឈប់ការលក់អាវុធរបស់ពួកគេដល់កោះមួយនេះ ។
នៅក្នុងសន្និសីទសារព័ត៌មាន លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឲ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់និន្នាការដ៏គ្រោះថ្នាក់នេះ ក្នុងការបំពាក់អាវុធដល់កោះតៃវ៉ាន់ ហើយនិងបញ្ឈប់សមគំនិត និងគាំទ្រឯករាជ្យរបស់កោះតៃវ៉ាន់ ក៏ដូចជាបញ្ឈប់ធ្វើឲ្យអន្តរាយដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។
យោងតាមសេចក្តីរាយការណ៍របស់ក្រសួងការបរទេសចិន បានឲ្យដឹងថា វិធានការដែលប្រឆាំងក្រុមហ៊ុន រួមទាំងក្រុមហ៊ុន Sierra Nevada Corporation និងក្រុមហ៊ុន Stick Rudder Enterprises LLC បានចូលជាធរមាននៅថ្ងៃពុធនេះ ហើយវានឹងបង្កទ្រព្យសកម្មរបស់ពួកគេនៅក្នុងប្រទេសចិន ៕