អាជ្ញាធរការពារជនស៊ីវិល បាននិយាយថា ចំហេះព្រៃដ៏អាក្រក់ដែលបានបណ្ដាលឲ្យមានអ្នកស្លាប់ នៅភាគកណ្តាល និងភាគខាងជើងប្រទេសព័រទុយហ្គាល់ បានធ្វើឲ្យសេវាសង្គ្រោះបន្ទាន់ឈានដល់កម្រិតកំណត់ ហើយជំនួយបន្ថែមដែលត្រូវការយ៉ាងខ្លាំងនោះ នឹងទៅដល់ នៅថ្ងៃពុធ (ទី១៨ ខែកញ្ញា) នេះ ពីប្រទេសអេស្ប៉ាញ និងម៉ារ៉ុក។
គួរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៧នាក់ បានបាត់បង់ជីវិតដោយសារអគ្គិភ័យ នៅក្នុងតំបន់ Aveiro និង Viseu ដោយផ្ទះសម្បែងរាប់សិបខ្នងត្រូវបានឆេះបំផ្លាញ ហើយព្រៃឈើ និងផ្ទៃដីព្រៃរាប់ម៉ឺនហិកតា ត្រូវបានឆាបឆេះ។ អាជ្ញាធរបានប្រមូលផ្ដុំអ្នកពន្លត់អគ្គិភ័យជាង ៥.០០០នាក់ ដើម្បីប្រយុទ្ធនឹងចំហេះនេះ។
លោក Duarte Costa កាលពីល្ងាចថ្ងៃអង្គារ (ទី១៧ ខែកញ្ញា) បានប្រាប់សារព័ត៌មាន CNN របស់ព័រទុយហ្គាល់ថា ក្រុមសង្គ្រោះបន្ទាន់ពិសេសនៃបុគ្គលិកយោធាអេស្ប៉ាញលេខ 230 នឹងត្រូវដាក់ពង្រាយ នៅក្នុងតំបន់ Viseu ភាគកណ្តាល ជាកន្លែងដែលអណ្ដាតភ្លើងដ៏សន្ធោសន្ធៅ បង្កជាការព្រួយបារម្ភយ៉ាងខ្លាំង នាពេលនេះ។
ជាមួយគ្នានេះ លោកបានបន្ថែមថា ប្រទេសម៉ារ៉ុកកំពុងបញ្ជូនយន្តហោះទម្លាក់ទឹកចំនួន ៤គ្រឿង ដែលគួរតែទៅដល់ប្រទេសព័រទុយហ្គាល់នៅថ្ងៃពុធដែរ។
ចំណែកប្រទេសអេស្ប៉ាញ អ៊ីតាលី និងបារាំង បានបញ្ជូនយន្តហោះទម្លាក់ទឹកចំនួន ២គ្រឿងរួចហើយ បន្ទាប់ពីរដ្ឋាភិបាលព័រទុយហ្គាល់ កាលពីថ្ងៃចន្ទ (ទី១៦ ខែកញ្ញា) បានស្នើសុំជំនួយក្រោមយន្តការការពារស៊ីវិលរបស់សហភាពអឺរ៉ុប៕



