ទីភ្នាក់ងារសេវាជលសាស្ត្ររបស់ប្រទេសនីហ្សេរីយ៉ា (NIHSA) បានព្រមានអំពីទឹកជំនន់ដែលអាចកើតមាននៅក្នុងរដ្ឋចំនួន ១១ បន្ទាប់ពីប្រទេសជិតខាងកាមេរូន បានប្រាប់ថា ខ្លួនកំពុងចាប់ផ្តើមបង្ហូរទឹកពីទំនប់ដ៏ធំបំផុតមួយរបស់ខ្លួន ក្រោយមានភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ នៅអាហ្វ្រិកភាគខាងលិច និងភាគកណ្តាល។
ការព្រមាននេះកើតមានឡើងនៅពេលដែលនីហ្សេរីយ៉ាកំពុងប្រឈមនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅរដ្ឋ Borno ភាគឦសាន ដែលនៅទីនោះទំនប់ទឹកបានបាក់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបានបណ្តាលឲ្យមានទឹកជំនន់ផងដែរ នៅក្នុងប្រទេសកាមេរូន ឆាដ ម៉ាលី និងនីហ្សេរី ពោលទាំងអស់គឺផ្នែកនៃតំបន់ Sahel របស់ទ្វីបអាហ្រ្វិក ដែលជាធម្មតាទទួលបានភ្លៀងក្នុងកម្រិតតិចតួចប៉ុណ្ណោះ។
NIHSA បានឲ្យដឹងថា កាលពីថ្ងៃអង្គារ (ទី១៨ ខែកញ្ញា) ខ្លួនត្រូវបានជូនដំណឹងដោយអាជ្ញាធរក្នុងប្រទេសកាមេរូនថា ពួកគេបានចាប់ផ្តើមបញ្ចេញទឹកពីទំនប់ Lagdo។ ប្រទេសកាមេរូនមានទំនប់ជាច្រើននៅលើទន្លេ Benue ដែលហូរចុះទៅនីហ្សេរីយ៉ា។
NIHSA បានប្រាប់ថា អ្នកគ្រប់គ្រងទំនប់ Lagdo នឹងបញ្ចេញទឹកជាបណ្តើរៗ ក្នុងវិធីមួយមិនឲ្យលើសពីសមត្ថភាពផ្ទុករបស់ទន្លេ Benue នៅផ្នែកខាងក្រោម ដើម្បីការពារកុំឲ្យមានទឹកជំនន់។ តែ NIHSA បានបញ្ជាក់ថា រដ្ឋចំនួន ១១ ក្នុងនោះរួមទាំង Benue, Nasarawa និង Kogi នៅក្នុងតំបន់ខ្សែក្រវាត់ផលិតអាហារភាគកណ្ដាល និងរដ្ឋផលិតប្រេងភាគខាងត្បូង Bayelsa, Delta និង Rivers ប្រឈមនឹងហានិភ័យពីការមានទឹកជំនន់៕