ចំនួនមនុស្សស្លាប់សរុបដោយសារអាកាសធាតុអាក្រក់បង្កឡើងពីព្យុះ Boris នៅតំបន់ភាគកណ្តាល និងភាគខាងកើតអឺរ៉ុប បានកើនឡើងដល់ ២៣នាក់ ស្របពេលដែលនគរបាលឆេក និយាយនៅថ្ងៃពុធនេះថា ពួកគេបានរកឃើញជនរងគ្រោះទី ៤ ។
ទឹកជំនន់បានបង្កការបំផ្លិចបំផ្លាញដ៏ធំចាប់ពីរូម៉ានី អូទ្រីស ដល់ប្រទេសប៉ូឡូញ ។ តំបន់នៅតាមបណ្តោយព្រំដែនឆេក-ប៉ូឡូញ ស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតចាប់តាំងពីចុងសប្តាហ៍មក ខណៈទឹកទន្លេដែលពោរពេញដោយកំទេចកំទី បានបំផ្លាញទីក្រុងប្រវត្តិសាស្ត្រ ធ្វើឲ្យបាក់ស្ពាន និងបំផ្លាញផ្ទះសម្បែង ប្រជាពលរដ្ឋ ។
អ្នកស្រុកនៅប្រទេសឆេក និងប៉ូឡូញរាប់ម៉ឺនគ្រួសារនៅតែគ្មានថាមពល ឬទឹកប្រើប្រាស់ ខណៈមនុស្សរាប់ម៉ឺននាក់បានជម្លៀសខ្លួន នៅក្នុងតំបន់ដែលរងផលប៉ះពាល់ ។
លោក Jakub Vincalek គឺជាអ្នកនាំពាក្យនគរបាលឆេក និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា មនុស្ស ៨នាក់ កំពុងបាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហក់ ។
ជនរងគ្រោះទី ៤ គឺជាស្រ្តីវ័យចំណាស់ម្នាក់មកពីភូមិ Kobyla nad Vidnavkou ស្ថិតនៅភាគឦសានប្រទេសឆេក ដែលបានបាត់ខ្លួន ចាប់តាំងពីព្រឹកថ្ងៃអាទិត្យរហូតមក ។
លោក Libor Hejtman គឺជាអ្នកនាំពាក្យនគរបាលក្នុងតំបន់ និយាយប្រាប់ AFPថា អកុសល ស្រ្តីវ័យ ៧០ឆ្នាំម្នាក់ ត្រូវបានប្រទះឃើញស្លាប់ ៕