នៅថ្ងៃពុធនេះ សមាជិកសភាអឺរ៉ុប បានអំពាវនាវឲ្យបញ្ចេញជំនួយហិរញ្ញវត្ថុពីមូលនិធិសាមគ្គីរបស់ប្លុកមួយនេះ ឲ្យបានឆាប់រហ័សបំផុត ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ដោយសារទឹកជំនន់នៅតំបន់ភាគកណ្តាលអឺរ៉ុប ។
ទឹកជំនន់ដ៏អាក្រក់បំផុត បានវាយប្រហារតំបន់ភាគកណ្តាលអឺរ៉ុបក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ បង្កការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ ចាប់ពីប្រទេសរ៉ូម៉ានី រហូតដល់ប្រទេសប៉ូឡូញ ដោយបំផ្លិចបំផ្លាញស្ពាន ផ្លូវ ជន់លិចរថយន្ត ធ្វើឲ្យខូចខាតផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ គិតជាទឹកប្រាក់ខ្ទង់ពាន់លានដុល្លារ ។
នៅប្រទេសហុងគ្រី ក្រុមអាជ្ញាធរ បានបើកទំនប់នៅផ្លូវទឹកភាគពាយព្យ ចេញពីទន្ល Lajta ចូលទៅក្នុងអាងស្តុកទឹក ដើម្បីការពារទីក្រុង Mosonmagyarovar ។
នៅក្នុងរដ្ឋធានី Budapest ទន្លេ Danube គេនៅរំពឹងថា នឹងឡើងដល់កម្រិតខ្ពស់បំផុតពីលើកម្ពស់ ៨ម៉ែត្រកន្លះ នៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍ខាងមុខនេះ ។
ដោយឡែកនៅសាធារណរដ្ឋឆេក កម្រិតទឹកភាគច្រើន បានស្រកទៅវិញខ្លះ ប៉ុន្តែកម្ពស់ទឹកទន្លេនៅតែមានកម្រិតខ្ពស់ដដែលនៅតំបន់ភាគខាងត្បូង Bohemia ។
រដ្ឋមន្រ្តីក្រសួអហិរញ្ញវត្ថុឆេកលោក Zbynek Stanjura និយាយកាលពីថ្ងៃអង្គារថា លោកចង់ឲ្យសភាអនុម័តវិសោធនកម្មថវិកា ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ ។
លោកថា បើទោះបីជាទំហំនៃការខូចខាត ពុំទាន់ត្រូវបានដឹងច្បាស់យ៉ាងណាក្តី តែវាអាចអស់ខ្ទង់ប្រហែល ៤ពាន់លានដុល្លារដែរ ៕