ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់បាននិយាយថា មនុស្សយ៉ាងហោចណាស់២០ នាក់បានស្លាប់ និងជាង៤៥០នាក់ បានរងរបួសដោយសាររលកទីពីរនៃការផ្ទុះចេញពីឧបករណ៍ទាក់ទងនៅក្នុងប្រទេសលីបង់។

ឧបករណ៍ទាក់ទង (Walkie-talkies) ត្រូវបានប្រើដោយក្រុមប្រដាប់អាវុធ ហេសបូឡា បានផ្ទុះនៅជាយភាគខាងត្បូងនៃរដ្ឋធានី បេរូត (Beirut) ក្នុងតំបន់ជ្រលងភ្នំបេកា (Bekaa) និងភាគខាងត្បូងប្រទេសលីបង់ ជាតំបន់ដែលត្រូវបានគេមើលឃើញថាជាបន្ទាយរបស់ក្រុមប្រដាប់អាវុធនេះ។

ការបំផ្ទុះមួយចំនួនបានកើតឡើងក្នុងអំឡុងពេលពិធីបុណ្យសពសម្រាប់មនុស្សមួយចំនួនក្នុង ចំណោមមនុស្ស១២នាក់ ដែលក្រសួងបាននិយាយថាត្រូវបានសម្លាប់នៅការផ្ទុះលើកទី១លើសមាជិកក្រុមហេសបូឡាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ក្រុមនេះបានស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារនោះ ទោះអ៊ីស្រាអែល ពុំបានធ្វើអត្ថាធិប្បាយក៏ដោយ។

ប្រភពនានានិយាយថា ទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាអែល បានបំផ្ទុះឧបករណ៍ទាក់ទងចំនួន៥.០០០ គ្រឿង នាំចូលដោយក្រុមហេសបូឡារបស់ប្រទេសលីបង់។
ការវាយប្រហារបានកើតឡើងស្របពេលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បានប្រកាសពីដំណាក់កាលថ្មីក្នុងសង្គ្រាម ហើយជួនគ្នានឹងកងទ័ពអ៊ីស្រាអែល ត្រូវបានបញ្ជូនជាថ្មីទៅកាន់ភាគខាងជើង។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានពីហានិភ័យធ្ងន់ធ្ងរនៃការកើនឡើងយ៉ាងខ្លាំង ហើយបានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា៕