ភ្នំពេញ ៖ នៅវិមានរដ្ឋាភិបាលថៃ កាលពីថ្ងៃទី២៣ ខែកញ្ញា ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារមួយចំនួនជាមួយលោកមបណ្ឌិត Anucha Nakasai រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីថៃ។
ក្នុងឱកាសនៃជំនួបនោះឯកឧត្តម សុខ សុក្រឹត្យា បានជម្រាបជូនលោក Anucha Nakasai អំពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច-សង្គម ជាពិសេសការកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជាជាដើម។
ឯកឧត្តម ក៏បានជំរាបផងដែរអំពីចាក់វ៉ាក់សាំងកូវីដ-១៩នៅប្រទេសកម្ពុជា ដោយគិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៤៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំមាន ៨៨,៣៣%ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់ និងលើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៤៧,៦១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២នាក់។
ក្នុងនោះ ឯកឧត្តម បានរំលឹកអំពីចំណងមិត្តភាពកម្ពុជា-ថៃ និងជម្រាបជូនថា កម្ពុជាមានកម្លាំងពលកម្មគ្រប់គ្រាន់ និងមានសុវត្ថិភាពខ្ពស់ សម្រាប់បំពេញតម្រូវការនៅតាមរោងចក្រ សហគ្រាសនានានៅប្រទេសថៃផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក Anucha Nakasai រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនៅប្រទេសថៃរបស់ លោកបណ្ឌិត សុខ សុក្រឹត្យា តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ ព្រមទាំងបានអបអរសាទរជោគជ័យក្នុងការគ្រប់គ្រងកូវីដ-១៩ នៅកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រទេសឲ្យទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័សរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។
ឯកឧត្តមរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីថៃ បានសន្យាថា នឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដែលភាគីកម្ពុជាបានស្នើឡើងខាងលើឲ្យទទួលបានជោគជ័យ។
បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីគ្នាទៅវិញទៅមកប្រកបដោយភាពស្និទ្ធស្នាលភាគីទាំងពីរបានប្តេជ្ញាបន្តរក្សាចំណងមិត្តភាពកម្ពុជា-ថៃដែលមានភាពចាស់ទុំជាង៧១ឆ្នាំ មកហើយនេះឲ្យកាន់តែស្អិតរមួត និងបន្តរឹតចំណងសាមគ្គីភាពល្អរវាងគ្នា និងគ្នាតទៅអនាគត៕
អត្ថបទ ៖ បាន ចក់


