លំហូរដ៏ច្រើនសន្ធឹកសន្ធាប់នៃអ្នករបួស និងស្លាប់ បានសម្រុកនៅកាន់មន្ទីរពេទ្យនានារបស់ប្រទេសលីបង់ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ (១៨ កញ្ញា) បន្ទាប់ពីការផ្ទុះឧបករណ៍ទាក់ទងរបស់សមាជិកក្រុមហេសបូឡា ដោយនោះគឺជាការសាកល្បងថា តើវិស័យសុខាភិបាលដែលរងគ្រោះដោយវិបត្តិមួយនេះអាចទប់ទល់នឹងព្រឹត្តិការណ៍មនុស្សស្លាប់ច្រើនដូចអ្វីដែលអាចរំពឹងទុកនៅក្នុងសង្រ្គាមកាន់តែទូលំទូលាយជាមួយអ៊ីស្រាអែល ដែរឬទេ។

បុគ្គលិកជួរមុខបានពិពណ៌នាអំពីទិដ្ឋភាពដ៏រន្ធត់ក្នុងមន្ទីរពេទ្យដែលពោរពេញដោយជនរងគ្រោះពីការផ្ទុះតូចៗរាប់ពាន់ករណីទាំងពីរថ្ងៃនោះ ដោយអ្នកខ្លះរងរបួសធ្ងន់រហូតដល់សរីរាង្គធ្លាយចេញពីរាងកាយ អ្នកខ្លះទៀតត្រូវពិការភ្នែក ឬដាច់ម្រាមដៃ។

លីបង់ រងគ្រោះពីវិបត្តិជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការដួលរលំហិរញ្ញវត្ថុឆ្នាំ២០១៩ និងការផ្ទុះកំពង់ផែបេរូត ឆ្នាំ២០២០ ប៉ុន្តែរដ្ឋមន្ត្រីសុខាភិបាល លោក ហ្វីរ៉ាស អាប៊ីយ៉ាដ (Firas Abiad) និយាយថា វិស័យនេះបានឆ្លើយតបយ៉ាងល្អដោយសារការត្រៀមខ្លួនជាច្រើនខែ។

មន្ទីរពេទ្យនិយាយថា អ្នករងរបួសរាប់ពាន់នាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យលីបង់ចំនួន ២០កន្លែង ហើយការវះកាត់រាប់រយករណីត្រូវបានធ្វើឡើង ដែលភាគច្រើនលើរបួសមុខ និងភ្នែក។
បុគ្គលិកថែទាំសុខភាពមួយចំនួនបានពណ៌នាពីអារម្មណ៍ដ៏មុតមាំនៃការត្រៀមខ្លួនចំពោះអ្វីដែលអាចនឹងកើតឡើង ខណៈភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ឈានដល់កម្រិតក្តៅគគុក ដែលបង្កើនការភ័យខ្លាចនៃសង្គ្រាមកាន់តែទូលំទូលាយ។ ថវិការបស់រដ្ឋាភិបាលលីបង់សម្រាប់មន្ទីរពេទ្យបានរីងស្ងួត ហើយគ្រូពេទ្យ និងគិលានុបដ្ឋាយិការាប់ពាន់នាក់បានចាកចេញពីប្រទេស ដោយធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងលើក្រុមវេជ្ជសាស្រ្តដែលនៅសេសសល់៕