នាយទាហា នាយទាហានរង និងពលទាហានប្រមាណជិត ២០០០នាក់នៅក្នុងតំបន់យោធភូមិភាគទី៥ បានត្រៀមកម្លាំង និងមធ្យោបាយរួចជាស្រេច ដើម្បីចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋជួបករណីទឹកជំនន់។
ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាម នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បាន លើកឡើងថា ស្របពេលគ្រោះទឹកជំនន់បានកំពុងវាយប្រហារនៅប្រទេសជិតខាងរបស់កម្ពុជា ហើយក៏ទទួលបានបទបញ្ជាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមខ្លួនចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នោះ នាពេលនេះតំបន់យោធភូមិភាគទី៥ ដែលមានខេត្តបាត់ដំបង ពោធិសាត់ ប៉ៃលិន និងខេត្តបន្ទាយមានជ័យនោះបានត្រៀមកម្លាំងរួចរាល់ហើយ ថែមទាំង សម្ភារៈជាច្រើនទៀតផងដែរ។
លោកឧត្តមសេនីយ៍ សេង ធារិន បានបញ្ជាក់ថា«យោធភូមិភាគទី៥ បានត្រៀមកម្លាំង ចំនួន ១៧០០នាក់ មធ្យោបាយ សង្រ្គោះជាច្រើនទៀតដូចជា ទូក កាណូត រថយន្ត និង។ល។»។
សូមបញ្ជាក់ថា យោធភូមិភាគទី៥តែងតែចេញបទបញ្ជាជាប្រចាំ មិនថាយប់ឬថ្ងៃនោះទេ ពោលគឺប្រុងប្រៀបកម្លាំងគ្រប់ពេលជានិច្ច ក្នុងការចុះជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋលើគ្រប់បញ្ហាទាំងអស់ ជាពិសេសទាក់ទងនឹងទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ និងអគ្គិភ័យ និងគ្រោះធម្មជាតិផ្សេងៗទៀតជាដើម។ ជាក់ស្តែងនាពេលកន្លងមកនេះកងកម្លាំងនៃយោធភូមិភាគទី៥ បានចុះជួយអន្តរាគមន៍ភ្លាមៗ ពន្លត់ភ្លើងឆេះព្រៃ ឆេះផ្ទះពលរដ្ឋ ករណីគ្រោះរាំងស្ងួត និងផ្ទះពលរដ្ឋរំលំដោយខ្យល់កន្ត្រាក់ជាដើម៕ អត្ថបទ៖ បាន ចក់









