អាមេរិក៖ នគរបាលនៅក្នុងរដ្ឋ Tennessee របស់សហរដ្ឋអាមេរិកបាននិយាយថា មនុស្សម្នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅហាងលក់គ្រឿងទេស ហើយមនុស្ស ១២នាក់ផ្សេងទៀតបានរងរបួស។

ការវាយប្រហារនេះបានកើតឡើងនៅទីក្រុង Collierville កាលពីរសៀលថ្ងៃព្រហស្បតិ៍ប្រហែល ៥៦គីឡូម៉ែត្រខាងកើតទីក្រុង Memphis។ នគរបាលមកពីសង្កាត់ជិតខាងបានមកដល់ហាងលក់គ្រឿងទេស Kroger ដើម្បីជួយក្នុងការស៊ើបអង្កេតលើហេតុការណ៍បាញ់បោះដោយសេរីនេះ។ ខ្មាន់កាំភ្លើងដែលជាបុរសបានស្លាប់នៅកន្លែងកើតហេតុ ដោយសារសង្ស័យថាបានធ្វើអត្តឃាតដោយការបាញ់ខ្លួនឯង។

ស្នងការនគរបាលក្រុង Collierville បាននិយាយថា ការបាញ់ប្រហារនេះបានកើតឡើងនៅរសៀលថ្ងៃព្រហស្បតិ៍នៅឯហាងលក់គ្រឿងទេស Kroger នៅក្នុងសហគមន៍ដែលមានចម្ងាយប្រហែល ៥៦គីឡូម៉ែត្រខាងកើតទីក្រុង Memphis។ លោកបាននិយាយថា មនុស្ស ១២នាក់ត្រូវបានគេបាញ់ ហើយមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររងរបួសធ្ងន់៕
អត្ថបទ៖ សុខមាន