ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានដាក់ពាក្យប្តឹងកាលពីថ្ងៃពុធ ទី១៨ ខែកញ្ញា ទាមទារប្រាក់ជាង ១០០លានដុល្លារពីម្ចាស់និងប្រតិបត្តិករនាវាដឹកទំនិញរបស់ប្រទេសសិង្ហបុរី ដែលបានបំផ្លាញស្ពាន បាល់ទីម័រ(Baltimore Bridge) ។

នាវា M/V Dali ប្រវែង៣០០ម៉ែត្រ បានបុកស្ពាន Francis Scott Key កាលពីថ្ងៃទី ២៦ ខែមីនា បណ្តាលឲ្យកម្មករ៦ នាក់ស្លាប់ និងបិទបណ្តាញផ្លូវទឹកដឹកជញ្ជូនដ៏មមាញឹក។

រដ្ឋអាជ្ញា លោក Merrick Garland បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រសួងយុត្តិធម៌ បានប្តេជ្ញាចិត្តក្នុងការធានាឲ្យបានចំពោះការទទួលខុសត្រូវសម្រាប់អ្នកដែលត្រូវទទួលខុសត្រូវ ចំពោះការបំផ្លាញស្ពាន Francis Scott Key។

ដោយមានការទាមទារសំណងរដ្ឋប្បវេណីនេះ ក្រសួងយុត្តិធម៌ កំពុងធ្វើការដើម្បីធានាបានថា ការចំណាយលើការសម្អាតផ្លូវទឹក និងការបើកកំពង់ផែ Baltimore ឡើងវិញ ត្រូវបានទទួលខុសត្រូវដោយក្រុមហ៊ុនបង្កការខូចខាត ពុំមែនដោយអ្នកបង់ពន្ធសហរដ្ឋអាមេរិកនោះទេ។
ក្រសួងយុត្តិធម៌ បាននិយាយថា បណ្តឹងនេះមានគោលបំណងទទួលបានមកវិញនូវការចំណាយច្រើនជាង១០០លានដុល្លារអាមេរិក ដែលបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងមហន្តរាយ និងសម្រាប់ការស្រង់យកបំណែកស្ពានទម្ងន់រាប់តោន។ នាវា Dali បានដាច់ចរន្តអគ្គិសនី ខណៈពេលចាកចេញពីកំពង់ផែ Baltimore ទៅកាន់ប្រទេសស្រីលង្កា ហើយបានបុកស្ពាន។