ប្រធានាធិបតី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃពុធថា ប្រទេសទួរគី នឹងមិនបញ្ឈប់ការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយលោកខាងកើតនោះទេ រួមទាំងក្រុមប្រទេសប្រ៊ីក(BRICS) និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ទោះបីជាខ្លួននៅបន្តប្រឈមមុខជាប្រទេសលោកខាងលិច ក៏ដោយ។

ប្រទេសទួរគី ដែលជាសមាជិកសម្ព័ន្ធយោធាណាតូផងដែរនោះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុមប្រទេសប្រ៊ីក(BRICS) និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដែលក្រុមទាំងពីររួមមានទាំងប្រទេសចិន និងរុស្ស៊ី។

ការប្រកាសនេះបានធ្វើឱ្យមានការព្រួយបារម្ភដល់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលថាប្រទេសទួរគី អាចនឹងងាកចេញពីទិសដៅភូមិសាស្ត្រនយោបាយរបស់លោកខាងលិចជាប្រពៃណី ទោះបីជាមានការច្រានចោល ម្តងហើយម្តងទៀតពីទីក្រុងអង់ការ៉ា ក៏ដោយ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងអង់ការ៉ា លោក Erdogan បាននិយាយថា ការជជែកដេញដោលលើ «ការផ្លាស់ប្តូរអ័ក្ស» គឺគ្មានហេតុផល ប៉ុន្តែប្រទេសទួរគី ត្រូវសម្របខ្លួនទៅនឹង «មជ្ឈមណ្ឌលថាមពល» ថ្មី ដែលបង្កើតនៅក្នុងវិស័យសេដ្ឋកិច្ច ផលិតកម្ម និងបច្ចេកវិទ្យា។
ក្រុមប្រទេសប្រ៊ីក(BRICS) រួមមាន ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អេត្យូពី អ៊ីរ៉ង់ អេហ្ស៊ីប និងប្រទេសអារ៉ាប់រួម។ ជាពិសេស ប្រទេសចិន និងរុស្ស៊ី ចង់ពង្រីកក្រុមបន្ថែមទៀត ខណៈពួកគេស្វែងរកការទប់ទល់ទៅនឹងឥទ្ធិពលសេដ្ឋកិច្ចរបស់លោកខាងលិច។