ភ្នំពេញ ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ គឺខួប២៧ឆ្នាំទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវានេះ ពលរដ្ឋសាទរ ដោយពួកគាត់ បានអះអាងថា រដ្ឋធម្មនុញ្ញបានធ្វើអោយប្រទេសជាតិសុខសន្តិភាព និងពលរដ្ឋមានសិទ្ធស្មើៗគ្នា។
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល របស់ព្រះរាជាណាចក្រកម្ពុជា។រាល់ច្បាប់ និងឯកសារគតិយុត្តិទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះទេ ច្បាប់និងឯកសារគតិយុត្តិទាំងនោះ នឹងអធម្មនុញ្ញភាព។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាខួប២៧ឆ្នាំទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវានេះ ប្រជាពលរដ្ឋបានសំដែងការអបអរសាទរ ដោយពួកគាត់ បានអះអាងថា រដ្ឋធម្មនុញ្ញបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ និងពលរដ្ឋមានសិទ្ធស្មើៗគ្នា។
ប្រទេសកម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ១៩៤៧ ប៉ុន្តែមានការវិវត្តន៍ពីសម័យកាលមួយទៅសម័យកាលមួយ។ រដ្ឋធម្មនុញ្ញដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣។បន្ទាប់មក ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតា ឯករាជជាតិ នរោត្តម សីហនុ បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
រដ្ឋធម្មនុញ្ញ នៅឆ្នាំ១៩៩៣ កើតឡើងបន្ទាប់ពីសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍ត្រូវបានបញ្ចប់ក្រោមជំនួបកិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ រដ្ឋធម្មនុញ្ញនេះ ក៏ជាសារបង្ហាញពីស្មារតីរួបរួមសាមគ្គីភាពរបស់ប្រមុខដឹកនាំខ្មែរ ដែលក្នុងនោះរួមមាន ៖ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាមេដឹកនាំចលនាតស៊ូ និង សម្តេចតេជោ ហ៊ុន សែនប្រមុខរដ្ឋាភិបាលសម័យរដ្ឋកម្ពុជា ៕
អត្ថបទ ៖ ទូច សោភ័ណ
