ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៤នេះ នឹងមានរៀបចំកិច្ចប្រជុំជាលើកចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដើម្បីពិភាក្សាគ្នាលើការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ខាងមុខ។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមថា ភាគីនិយោជក និងភាគីកម្មករនិយោជិត នឹងមានការឯកភាពគ្នាក្នុងការកំណត់តួរលេខសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥។ ទោះតិចឬច្រើនឃើញថា ភាគីទាំងអស់បានមានឆន្ទៈធ្វើការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិត។
ឯកឧត្តមបានបន្តថា ដោយសារសុខសន្តិភាព ស្ថិរភាពសង្គមជាឱកាសល្អណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកវិនិយោគសម្រាប់វិនិយោគនៅកម្ពុជា និងផ្តល់ការងារជាច្រើនដល់ពលរដ្ឋខ្មែរ លើសពីនេះការដំឡើងប្រាក់ឈ្នួលរៀងរាល់ឆ្នាំដល់កម្មករនិយោជិត។ ឯកបានបានអំពាវនាវ ដល់កម្មករនិយោជិត និងនិយោជករក្សាសុខដុមនីយកម្មតាមរោងចក្រសហគ្រាស ដើម្បីផលប្រយោជន៍ទាំងអស់គ្នា និងប្រទេសជាតិទាំងមូល។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត មានចំនួន ២០៤ដុល្លារ ក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះឡើយ៕ អត្ថបទ៖ ឈិត បូរ៉ាវី




