ចំហេះព្រៃយ៉ាងធ្ងន់ធ្ងរជាង១០០កន្លែងនៅភាគខាងជើងប្រទេសព័រទុយហ្គាល់នៅតែបង្ខំឲ្យក្រុមអ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់ប្រឹងប្រែងទប់ទល់កាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈអ្នកស្លាប់បានកើនឡើងដល់៧ នាក់រួមទាំងអ្នកពន្លត់អគ្គិភ័យ៣នាក់ ចាប់តាំងពីភ្លើងឆេះព្រៃដ៏ធំបំផុតមិនធ្លាប់មានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានឆេះរាលដាលគ្រប់គ្រងលែងបានកាលពីចុងសប្តាហ៍។

នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក ល្វីស ម៉ុនតេណេក្រូ (Luís Montenegro) បានប្រកាសពីស្ថានភាពគ្រោះមហន្តរាយសម្រាប់តំបន់ដែលរងគ្រោះខ្លាំងបំផុតកាលពីល្ងាចថ្ងៃអង្គារ ដោយអំពាវនាវឱ្យមានការដាក់ពង្រាយកម្លាំងពន្លត់អគ្គិភ័យ និងមន្ត្រីរដ្ឋការបន្ថែមទៀត។

លោកក៏បានអំពាវនាវឱ្យនគរបាលស៊ើបអង្កេត បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឡើងវិញ ដើម្បីស្វែងរកអ្នកដែលបានបង្កឲ្យមានចំហេះព្រៃនេះ និងសន្យាជួយដល់អ្នកដែលបានបាត់បង់ផ្ទះសម្បែង ឬត្រូវបានជម្លៀសចេញ។

លោកបានប្រាប់ប្រជាជាតិនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា យើងដឹងច្បាស់ថាពេលវេលាដ៏លំបាកទាំងនេះមិនទាន់ចប់នៅឡើយទេ ។ យើងត្រូវបន្តផ្តល់អ្វីៗគ្រប់យ៉ាងដែលយើងមាន ហើយសុំជំនួយពីដៃគូ និងមិត្តភក្តិរបស់យើង ដើម្បីយើងអាចពង្រឹងការការពារប្រជាជន និងទ្រព្យសម្បត្តិរបស់យើងបាន។
ស្ថានភាពក្តៅ និងស្ងួតខ្លាំង ជាកត្តាដើមចមឲ្យមានភ្លើងឆេះព្រៃនៅប្រទេសព័រទុយហ្គាល់ ស្របពេលមានទឹកជំនន់នៅអឺរ៉ុបកណ្តាល និងខាងកើត។ សហភាពអ៊ឺរ៉ុបបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា បាតុភូតអាកាសធាតុធ្ងន់ធ្ងរបង្កឡើងដោយកម្មភាពរបស់មនុស្សដែលនៅតែបន្ត គឺជាភស្តុតាងនៃការបំផ្លិចបំផ្លាញអាសកាធាតុ៕