គណបក្សសាធារណរដ្ឋក្នុងសភាអាមេរិកបានបរាជ័យកាលពីថ្ងៃពុធក្នុងការអនុម័តច្បាប់ផ្តល់មូលនិធិដែលរួមបញ្ចូលវិធានការបោះឆ្នោតដ៏ចម្រូងចម្រាសគាំទ្រដោយលោក Donald Trump ដែលធ្វើអោយស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការបិទរដ្ឋាភិបាលដែលអាចកើតឡើងនៅចុងខែនេះ។

ទោះមានការជំរុញពីលោក Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៥ខែវិច្ឆិកាក៏ដោយ ក៏ក្រុមសមាជិកសភាមកពីគណបក្សសាធារណរដ្ឋមិនអាចប្រមូលសំឡេងគ្រប់គ្រាន់ដើម្បីទទួលបានការអនុម័តកញ្ចប់ថវិកា ហើយបញ្ជូនទៅព្រឹទ្ធសភាគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យបានដែរ។ដោយគណបក្សប្រជាធិបតេយ្យភាគច្រើនរួបរួមគ្នាប្រឆាំង សេចក្តីព្រាងច្បាប់នេះបានបរាជ័យដោយការបោះឆ្នោតសំឡេងគាំទ្រ២០២ ទល់នឹងប្រឆាំង២២០សំឡេង ដោយមានសមាជិកគណបក្សសាធារណរដ្ឋ ១៤ រូបប្រឆាំង និងសមាជិកគណបក្សប្រជាធិបតេយ្យ៣រូបគាំទ្រ។

សំណើច្បាប់ព្រឹទ្ធសភាអាមេរិក ដែលមានគោលបំណងពង្រឹងការការពារសហព័ន្ធ និងពង្រីកការធានារ៉ាប់រងសម្រាប់ការព្យាបាលលើការបង្កកំណើត បានបរាជ័យកាលពីថ្ងៃអង្គារ១៧ កញ្ញា ខណៈគណបក្សសាធារណរដ្ឋបានបោះឆ្នោតប្រឆាំងនឹងសំណើនោះ ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Donald Trump បានធ្វើឱ្យក្រុមអ្នកគាំទ្រភ្ញាក់ផ្អើលដោយការបញ្ចេញសំឡេងគាំទ្រចំពោះគោលនយោបាយបែបនេះ។
ក្រោយមកប្រធានសភាលោក Mike Johnson បាននិយាយថា លោកនឹងបង្កើតពង្រាងច្បាប់ ចំណាយបណ្តោះអាសន្នថ្មីមួយ ដែលនឹងធ្វើឱ្យរដ្ឋាភិបាលដំណើរការហួសពីថ្ងៃទី ១ ខែតុលា នៅពេលមូលនិធិបច្ចុប្បន្នត្រូវផុតកំណត់ តែលោកពុំបានផ្តល់ព័ត៌មានលម្អិតទេ។ គណបក្សប្រជាធិបតេយ្យនៅក្នុងសភា និងព្រឹទ្ធសភានិយាយថា ពួកគេចង់អនុម័តច្បាប់ចំណាយបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការបិទទ្វាររដ្ឋាភិបាល ដែលនឹងអាចផ្អាកការងារបុគ្គលិកសហព័ន្ធរាប់ម៉ឺននាក់ ។

ទោះយ៉ាង ពួកគេបានជំទាស់នឹងសំណើដែលលោក Johnson នាំយកទៅបោះឆ្នោតកាលពីថ្ងៃពុធ ព្រោះវាស្របគ្នាទៅនឹងការបោះឆ្នោតលើសេចក្ដីស្នើច្បាប់មិនពាក់ព័ន្ធដែលនឹងតម្រូវឱ្យជនជាតិអាមេរិកផ្តល់ភស្តុតាងនៃសញ្ជាតិនៅពេលពួកគេចុះឈ្មោះបោះឆ្នោត និងតម្រូវឱ្យរដ្ឋលុបឈ្មោះអ្នកដែលគ្មានសញ្ជាតិអាមេរិកចេញពីបញ្ជីចុះឈ្មោះរបស់ពួកគេ៕