ប្រភពដែលដឹងអំពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិក មិនមានផែនការភ្លាមៗក្នុងការដកប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមដែលបានដាក់ពង្រាយនៅក្នុងប្រទេសហ្វីលីពីននោះទេ បើទោះបីជាមានការទាមទារពីចិនក៏ដោយ ហើយអាមេរិក កំពុងសាកល្បងលទ្ធភាពនៃការប្រើប្រាស់របស់សព្វាវុធទាំងនោះនៅក្នុងជម្លោះក្នុងតំបន់។

សម្ព័ន្ធមិត្តទាំងពីរបាននិយាយថា ប្រព័ន្ធ ថៃហ្វុន (Typhon) ដែលអាចបំពាក់ដោយមីស៊ីលតម្រង់គោលដៅនិងមានសមត្ថភាពវាយប្រហារដល់គោលដៅរបស់ចិន ត្រូវបាននាំយកមកសម្រាប់សមយុទ្ធរួមគ្នានៅហ្វីលីពីន កាលពីដើមឆ្នាំនេះ ប៉ុន្តែប្រព័ន្ធនេះនៅតែទុកនៅទីនោះ។

ប្រជុំកោះអាស៊ីអាគ្នេយ៍ ដែលជាអ្នកជិតខាងរបស់កោះតៃវ៉ាន់នៅភាគខាងត្បូងនេះ គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់អាមេរិក នៅអាស៊ី ហើយនឹងក្លាយជាចំណុចសំខាន់ដែលមិនអាចខ្វះបានសម្រាប់យោធាដើម្បីជួយទីក្រុងតៃប៉ិ ក្នុងករណីមានការវាយក្រសោបរបស់ចិន។
ចិន និងរុស្ស៊ី បានថ្កោលទោសទង្វើនេះ ដែលជាការដាក់ពង្រាយប្រព័ន្ធលើកដំបូងទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ថាបានបញ្ឆេះការប្រណាំងសព្វាវុធ។
ការដាក់ពង្រាយ ដែលសេចក្តីលម្អិតមួយចំនួនដែលមិនត្រូវបានគេរាយការណ៍ពីមុននេះ កើតឡើងនៅពេលចិន និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាការពារជាតិរបស់អាមេរិក បានប៉ះទង្គិចគ្នាលើផ្នែកខ្លះនៃសមុទ្រចិនខាងត្បូងដែលមានជម្លោះយ៉ាងក្តៅគគុក។ ប៉ុន្មានខែថ្មីៗនេះបាននាំមកនូវការប្រឈមមុខគ្នាតាមសមុទ្រ និងផ្លូវអាកាសជាបន្តបន្ទាប់នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ៕