សម្ព័ន្ធភាពវ៉ាក់សាំង ហ្កាវី (Gavi) បាននិយាយថា មេរៀនដែលបានរៀនពីជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យពិភពលោកស្ថិតក្នុងស្ថានភាពល្អប្រសើរជាងមុនក្នុងការដោះស្រាយការរីករាលដាលនៃជំងឺអុតស្វា ឬហៅថា អឹមផក (Mpox) ដែលកំពុងរីករាលដាលនៅទ្វីបអាហ្រ្វិក។ ប្រធាន Gavi លោកស្រី សានីយ៉ា នីស្ថា (Sania Nishtar) បាននិយាយថា គ្រោះមហន្តរាយនៃជំងឺកូវីដ១៩ នាំមកនូវ «មេរៀនសំខាន់ៗ ហើយមេរៀនទាំងនោះបានធ្វើឱ្យពិភពលោក មានការត្រៀមខ្លួនល្អជាងមុនក្នុងការទប់ទល់ជំងឺរាតត្បាត»។

នៅពេលដែលកូវីដ១៩លេចឡើងនៅដើមឆ្នាំ២០២០ ហើយបានចាប់ផ្តើមការផ្ទុះឡើងដ៏កាចសាហាវជុំវិញពិភពលោកយ៉ាងឆាប់រហ័ស ជំងឺរាតត្បាតនោះបានបង្ហាញពីថាសហគមន៍អន្តរជាតិមិនបានត្រៀមខ្លួនរួចរាល់ទាំងស្រុងក្នុងការប្រឈមមុខនឹងវិបត្តិសុខភាពពិភពលោកបែបនេះឡើយ។

គ្រោះមហន្តរាយនោះក៏បានបើកបង្ហាញពីភាពមិនស្មើគ្នានៃវ៉ាក់សាំងជាសកលផងដែរ ខណៈបណ្ដាប្រទេសសម្បូរទ្រព្យទទួលបានវ៉ាក់សាំងភាគច្រើន ប៉ុន្តែទ្វីបអាហ្វ្រិកទទួលបានដោយលំបាក។ ប្រទេសនានានៅតែជួបការពិបាកក្នុងការយល់ព្រមលើសន្ធិសញ្ញាជំងឺរាតត្បាតថ្មី ដែលអាចធានាថាពិភពលោកត្រូវបានរៀបចំកាន់តែប្រសើរឡើងនៅពេលមានជំងឺរាលដាលជាសកលនាពេលអនាគត។
ជំងឺអុតស្វា ឬអឹមផក នេះបណ្តាលមកពីវីរុសដែលចម្លងទៅមនុស្សដោយសត្វដែលមានមេរោគ ប៉ុន្តែក៏អាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈការប៉ះរាងកាយជិតស្និទ្ធផងដែរ។ វាបណ្តាលឱ្យមានគ្រុនក្តៅ ឈឺសាច់ដុំ និងដំបៅស្បែកធំៗដូចដុំពក ហើយអាចបណ្តាលឱ្យស្លាប់ក្នុងករណីខ្លះ។ នៅចន្លោះខែមករា ដល់ចុងខែសីហា ប្រទេសកុងហ្គោ បានកត់ត្រាជិត ២២.០០០ករណី និងការស្លាប់ជាង ៧០០នាក់ ដែលទាក់ទងនឹងវីរុសនេះ៕