បណ្ដាមេដឹកនាំពិភពលោកជាង ១៣០ប្រទេស នឹងជួបប្រជុំគ្នានៅអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ ក្នុងពេលប្រឈមមុខនឹងលទ្ធភាពនៃសង្រ្គាមរីករាលដាលនៅមជ្ឈិមបូព៌ា និងអឺរ៉ុប រួមទាំងការខកចិត្តពីល្បឿនដ៏យឺតយ៉ាវនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះទាំងនោះ ហើយនិងបញ្ហាអាកាសធាតុ និងវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗ។

ខណៈពេលដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប និងសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន គ្រោងនឹងគ្របដណ្ដប់លើមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កម្រិតខ្ពស់ប្រចាំឆ្នាំ ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ (២៤ កញ្ញា) បន្តរហូតដល់ថ្ងៃសៅរ៍ (២៨ ខែកញ្ញា) សប្ដាហ៍ក្រោយនេះ ហើយបញ្ចប់នៅថ្ងៃចន្ទ (៣០ កញ្ញា) នៅសប្ដាហ៍បន្ទាប់ ក្រុមអ្នកការទូត និងអ្នកវិភាគនិយាយថា មិនរំពឹងថានឹងមានការវិវឌ្ឍឈានទៅរកសន្តិភាពនោះទេ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បាននិយាយកាលពីសប្ដាហ៍មុនថា សង្គ្រាមនៅហ្កាហ្សា និងអ៊ុយក្រែន «បានជាប់គាំងដោយមើលមិនឃើញដំណោះស្រាយសន្តិវិធី»។ លោក Guterres ក៏បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ (១៨ កញ្ញា) សប្ដាហ៍នេះថា «មានហានិភ័យធ្ងន់ធ្ងរនៃការកើនឡើងជម្លោះយ៉ាងខ្លាំងនៅក្នុងលីបង់ ហើយត្រូវធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចៀសរឿងនោះ»។

ការព្រួយបារម្ភពីការរាលដាលនៃជម្លោះតំបន់ហ្កាហ្សាទៅកាន់មជ្ឈិមបូព៌ាកាន់តែទូលំទូលាយ បានកើនឡើងជាថ្មីម្តងទៀត បន្ទាប់ពីក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា បានចោទអ៊ីស្រាអែល ពីការបំផ្ទុះឧបករណ៍ទាក់ទងក្នុងរយៈពេលពីរថ្ងៃនៃការវាយប្រហារដ៏បង្ហូរឈាម។ អ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេ៕
