ប្រទេសចិន និយាយថា ខ្លួននឹងផ្អាកការលើកលែងពន្ធលើផលិតផលចំនួន៣៤មុខ មកពីកោះតៃវ៉ាន់ រួមទាំងផ្លែឈើ បន្លែ និងផលិតផលសមុទ្រ។ រដ្ឋាភិបាលប្រទេសចិន បានប្រកាសកាលពីថ្ងៃពុធថា ការផ្អាកការលើកលែងពន្ធនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកញ្ញា។

សេចក្តីប្រកាស បានលើកឡើងថា កោះតៃវ៉ាន់ កំពុងដាក់ការរឹតត្បិតរើសអើងជាឯកតោភាគី លើផលិតផលពីប្រទេសចិន និងរារាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងការច្រកសមុទ្រ។ ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ក្រុមប្រឹក្សារដ្ឋប្រទេសចិន បាននិយាយថា ក្រុមប្រឹក្សាសង្ឃឹមថា ជនរួមជាតិ រួមទាំងកសិករ និងអ្នកនេសាទតៃវ៉ាន់ ទទួលស្គាល់ថា ជំហរ «គាំទ្រឯករាជ្យ» របស់កោះតៃវ៉ាន់ ដែលត្រូវបានផ្សព្វផ្សាយដោយគណបក្សប្រជាធិបតេយ្យជឿនលឿនដែលកំពុងកាន់អំណាច គឺមានគ្រោះថ្នាក់ និងបង្កគ្រោះថ្នាក់។
ក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់ ដែលដោះស្រាយគោលនយោបាយស្តីពីប្រទេសចិន បានសម្តែងការសោកស្តាយ ដោយនិយាយថា ចំណាត់ការនេះ នាំឱ្យមានការមិនសប្បាយចិត្តក្នុងចំណោមកសិករ អ្នកនេសាទ និងសាធារណជនទូទៅរបស់កោះតៃវ៉ាន់ ហើយនឹងមិនផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍យូរអង្វែងនៃទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ នោះទេ។
នៅកោះតៃវ៉ាន់ កសិករដាំផ្លែឈើជាច្រើននាក់ ដែលបានទទួលផលប្រយោជន៍ពីការលើកលែងពន្ធរបស់ប្រទេសចិន មានមូលដ្ឋាននៅភាគខាងត្បូងកោះតៃវ៉ាន់ ជាទីតាំងរឹងមាំរបស់គណបក្សប្រជាធិបតេយ្យជឿនលឿនដែលកំពុងកាន់អំណាច។ ជាក់ស្តែង ប្រទេសចិន កំពុងព្យាយាមបង្កើនសម្ពាធលើរដ្ឋបាលរបស់លោក ឡៃ ឈីងតឺ តាមរយៈចំណាត់ការចុងក្រោយនេះ។