ព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត និងជានាយករដ្ឋមន្ត្រី ម៉ូហាម៉េដ ប៊ីន សាលម៉ាន អាល់ស៊ូដ ( Mohammed bin Salman Al Saud) បានថ្លែងកាលពីថ្ងៃពុធថា អារ៉ាប៊ីសាអ៊ូឌីត នឹងមិនបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ដោយគ្មានការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យដែលមានក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួននោះ។

ព្រះអង្គ បានធ្វើការអត្ថាធិប្បាយនៅក្នុងសុន្ទរកថាមួយនៅពេលបើកសម័យប្រជុំលើកទី៩នៃក្រុមប្រឹក្សាអារ៉ាប៊ីសាអ៊ូឌីត Shura ឆ្នាំទី១ ដោយបានគូសបញ្ជាក់ថា បញ្ហាប៉ាឡេស្ទីន នៅតែជាអាទិភាពដ៏សំខាន់សម្រាប់អារ៉ាប៊ីសាអ៊ូឌីត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត។

ព្រះអង្គម្ចាស់ បានមានបន្ទូលថា៖«យើងបញ្ជាក់ជាថ្មីម្តងទៀតនូវការបដិសេធរបស់ព្រះរាជាណាចក្រនេះ និងការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះឧក្រិដ្ឋកម្មរបស់អាជ្ញាធរគ្រប់គ្រងរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ដែលមិនគោរពច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌»។
តាងនាមឲ្យព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត សាលម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់ស៊ូដ (Salman bin Abdulaziz Al Saud) ព្រះអង្គ បានសម្តែងការដឹងគុណចំពោះប្រទេស ដែលបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងលើកទឹកចិត្តឲ្យប្រទេសដទៃទៀត អនុវត្តតាម។
ក្នុងសុន្ទរកថា ព្រះអង្គម្ចាស់ បានគូសបញ្ជាក់ថា អារ៉ាប៊ីសាអ៊ូឌីត ប្តេជ្ញាសហការជាមួយប្រទេសសកម្មទាំងអស់ ក្នុងសហគមន៍ពិភពលោក។