ក្រុមហ៊ុនជប៉ុន Icom នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានបញ្ឈប់ការផលិតប្រហែល ១០ឆ្នាំមុន សម្រាប់ម៉ូដែលវិទ្យុទាក់ទង (អាយកូម) ដែលត្រូវបានរាយការណ៍ថា បានប្រើនៅក្នុងការបំផ្ទុះ នាពេលថ្មីៗនេះ នៅប្រទេសលីបង់។
ក្រុមហ៊ុន Icom បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ម៉ូដែល IC-V82 គឺជាវិទ្យុទាក់ទងយួរដៃដែលត្រូវបានផលិត និងនាំចេញ ក្នុងនោះរួមទាំងទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរ ចាប់ពីឆ្នាំ២០០៤ ដល់ខែតុលា ឆ្នាំ២០១៤។ វាឈប់ត្រូវបានផលិតប្រហែល ១០ឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក វាមិនត្រូវបានដឹកជញ្ជូនពីក្រុមហ៊ុនរបស់យើងនោះទេ»។
ក្រុមហ៊ុនបានបន្ថែមថា ផលិតផលសម្រាប់ទីផ្សារក្រៅប្រទេស ត្រូវបានលក់ផ្តាច់មុខ តាមរយៈអ្នកចែកចាយដែលទទួលបានការអនុញ្ញាត ហើយកម្មវិធីនាំចេញរបស់ក្រុមហ៊ុន គឺផ្អែកលើបទប្បញ្ញត្តិគ្រប់គ្រងពាណិជ្ជកម្មសុវត្ថិភាពរបស់ប្រទេសជប៉ុន។
សូមបញ្ជាក់ថា ក្រុមមន្ត្រី បានប្រាប់ឲ្យដឹងថា នៅក្នុងរលកទី២ នៃការផ្ទុះឧបករណ៍ទាក់ទង មនុស្ស ២០នាក់ បានស្លាប់ និងជាង ៤៥០នាក់ បានរងរបួស កាលថ្ងៃទី១៨ ខែកញ្ញា នៅក្នុងបន្ទាយរបស់ក្រុមហេបូឡា ក្នុងប្រទេសលីបង់។
ហេតុការណ៍នោះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីការផ្ទុះក្នុងពេលដំណាលគ្នានៃឧបករណ៍ផ្ញើសាររាប់រយ ដែលប្រើប្រាស់ដោយក្រុមហេសបូឡា បានសម្លាប់មនុស្ស ១២នាក់ ក្នុងនោះរួមទាំងកុមារ ២នាក់ផងដែរ ហើយមានអ្នករបួសរហូតដល់ ២.៨០០នាក់ ទូទាំងប្រទេសលីបង់ នៅក្នុងការវាយប្រហារមិនធ្លាប់មានពីមុនមក ដែលត្រូវបានដាក់ការទទួលខុសត្រូវទៅលើអ៊ីស្រាអែល៕