បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខUN ថា អ៊ីរ៉ង់ប្តេជ្ញា ចាត់វិធានការចាំបាច់ បន្ទាប់ពីការវាយប្រហារលើឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅប្រទេសលីបង់។
លិខិតដែលផ្សព្វផ្សាយដោយបេសកកម្មការទូតនេះ បានឲ្យដឹងថា៖«សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការវាយប្រហារប្រឆាំងនឹងឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅក្នុងប្រទេសលីបង់ ដែលបណ្តាលឲ្យគាត់រងរបួស ហើយរក្សាសិទ្ធិរបស់ខ្លួន នៅក្រោមច្បាប់អន្តរជាតិ ដើម្បីចាត់វិធានការចាំបដែលចាត់ទុកថា ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងឧក្រិដ្ឋកម្ម និងការរំលោភដ៏ធ្ងន់ធ្ងរបែបនេះ» ។
លិខិតនោះ បានបន្តថា៖«ការបន្តសកម្មភាពភេរវកម្ម និងការបំពានច្បាប់អន្តរជាតិ ដោយរបបអ៊ីស្រាអែល បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ»។
លិខិតបានបញ្ជាក់ទៀតថា៖«បណ្តាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ តាមរយៈអ្វីដែលហៅថា ជាការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ពួកគេចំពោះរបបនេះ ទទួលខុសត្រូវអន្តរជាតិចំពោះរាល់ទង្វើខុសឆ្គងជាអន្តរជាតិរបស់របបនេះ»។