រដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃពុធ (ទី១៨ ខែកញ្ញា) បានប្រាប់ថា ខ្លួនបានកោះអញ្ជើញឯកអគ្គរដ្ឋទូតរុស្ស៊ី បន្ទាប់ពីមាននូវអ្វីដែលប្រទេសនេះបានពណ៌នាថា ជា «យុទ្ធនាការសាធារណៈមិនធ្លាប់មាន និងគ្មានមូលដ្ឋាន ជុំវិញការបង្កអរិភាព» របស់រុស្ស៊ី ក្នុងនោះរួមទាំងការចោទប្រកាន់លើបុគ្គលិកការិយាល័យបរទេសផងដែរ។
សេវាសន្តិសុខ FSB របស់រុស្ស៊ី បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនបានលុបចោលការទទួលស្គាល់អ្នកការទូតអង់គ្លេសចំនួន ៦រូប នៅក្នុងទីក្រុងមូស្គូ បន្ទាប់ពីបានចោទប្រកាន់ពួកគេពីបទចារកម្ម និងវិឆ្ឆេទកម្ម ជាការចោទប្រកាន់ ដែលចក្រភពអង់គ្លេសបានពិពណ៌នាថា ជា «ទង្វើព្យាបាទ និងគ្មានមូលដ្ឋានពេញលេញ»។
អ្នកនាំពាក្យការិយាល័យការបរទេសរបស់ប្រទេសអង់គ្លេស បានបញ្ជាក់ថា «គំរូនៃឥរិយាបថនេះ គឺមិនអាចទទួលយកបានឡើយ គ្មានវិជ្ជាជីវៈពិតប្រាកដ និងស្ថិតនៅក្រោមស្តង់ដានៃការប្រព្រឹត្ត រវាងរដ្ឋនានា» ដោយអំពាវនាវឲ្យរុស្ស៊ី «បញ្ឈប់សកម្មភាពនេះជាបន្ទាន់»។
ការិយាល័យបានបន្ថែមថា នេះគឺជាការវិវត្តចុងក្រោយបំផុត នៅក្នុងយុទ្ធនាការដោយចេតនារបស់រុស្ស៊ី ដើម្បីធ្វើឲ្យខូច និងគំរាមកំហែងដល់សន្តិសុខ និងលទ្ធិប្រជាធិបតេយ្យរបស់ចក្រភពអង់គ្លេស ព្រមទាំងរារាំងដល់ការគាំទ្ររបស់យើង ចំពោះអ៊ុយក្រែន តាមរយៈការចេញព័ត៌មានមិនពិត ការធ្វើវិឆ្ឆេទកម្ម នៅអឺរ៉ុប និងការយាយីដោយផ្ទាល់ ហើយនិងការរឹតបន្តឹងប្រឆាំងនឹងបេសកកម្មការទូតរបស់យើង នៅក្នុងប្រទេសរុស្ស៊ី»។
គួរបញ្ជាក់ថា ចំណាត់ការរបស់រុស្ស៊ី ក្នុងការបណ្ដេញអ្នកការទូតអង់គ្លេស បានបង្កើនភាពតានតឹង រវាងទីក្រុងមូស្គូ និងទីក្រុងឡុងដ្រ៍ ដោយមានរយៈពេលប៉ុន្មានម៉ោងមុនពេលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានជួបជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នៅសេតវិមាន ដើម្បីជំរុញកិច្ចពិភាក្សាស្តីពីការផ្តល់ទិសដៅទៅមុខ សម្រាប់ទីក្រុងគីវ ក្នុងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅ នៅក្នុងដែនដីរុស្សី។ តែយ៉ាងណាក្ដី ពុំមានការប្រកាសអំពីមីស៊ីលនោះឡើយ ចាប់តាំងពីមានកិច្ចប្រជុំនោះ៕