នាយករដ្ឋមន្ត្រីហ្ស៊កហ្ស៊ី លោក អ៊ីរ៉ាក់លី កូបាគីដេ( Irakli Kobakhidze) បាននិយាយថា អាជ្ញាធររបស់សហរដ្ឋអាមេរិក គឺស្ថិតនៅក្រោមឥទ្ធិពលក្រៅផ្លូវការនៃមនុស្សមួយក្រុម ដែលផលវិបាករបស់ក្រុមនេះ គឺការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសហ្ស៊កហ្ស៊ី។
លោក កូបាគីដេ បាននិយាយថា៖«ខ្ញុំក៏ដូចជាសង្គមហ្ស៊កហ្ស៊ីភាគច្រើនមិនជឿថា ការសម្រេចចិត្ត [ដាក់ទណ្ឌកម្មប្រឆាំងនឹងហ្ស៊កហ្ស៊ី] ត្រូវបានធ្វើឡើងដោយលោក[ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ទេ។ ខ្ញុំមិនជឿរឿងនេះទេ។ ខ្ញុំគិតថា មានឥទ្ធិពលក្រៅផ្លូវការ។ ខ្ញុំមិនចង់និយាយលម្អិតទេ»។
លោកបានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងមិនដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹហ្ស៊កហ្ស៊ីទេ។ បើមិនដូច្នេះទេ លោក បានបញ្ជាក់ជាថ្មីថា ទីក្រុងទីប៊ីលីស៊ី នឹងត្រូវកែប្រែទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន ជាក់ជាមិនខាន។
កាលពីថ្ងៃទី ១៦ ខែកញ្ញា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសពីការសម្រេចដាក់ទណ្ឌកម្មលើពលរដ្ឋហ្ស៊កហ្ស៊ីចំនួន ៤នាក់ ដែលត្រូវបានចោទប្រកាន់ថា ទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស។ យោងតាមឯកសារនោះ បញ្ជីទណ្ឌកម្មរួមមានប្រធាននាយកដ្ឋានកិច្ចការពិសេសនៃក្រសួងមហាផ្ទៃ លោកZviad Kharazishvili អនុប្រធានរបស់គាត់ និង មេដឹកនាំក្រុមជ្រុលនិយមចំនួនពីរនាក់។