គ្រាប់កាំភ្លើងធំដែលលក់ដោយក្រុមហ៊ុនផលិតអាវុធឥណ្ឌា ត្រូវបានបង្វែរដោយអតិថិជនអឺរ៉ុបទៅកាន់អ៊ុយក្រែន ហើយទីក្រុង New Delhi មិនបានធ្វើអន្តរាគមន៍ ដើម្បីបញ្ឈប់ការជួញដូរនោះ ទោះបីជាមានការតវ៉ាពីទីក្រុងមូស្គូក៏ដោយ។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលឥណ្ឌា និងអឺរ៉ុប និងឧស្សាហកម្មការពារជាតិចំនួន ១១រូប ក៏ដូចជាការវិភាគរបស់សារព័ត៌មាន Reuters ជុំវិញទិន្នន័យគយដែលមានផ្នែកពាណិជ្ជកម្មផងដែរ។
យោងតាមប្រភពទាំងនោះ និងទិន្នន័យគយ បានបង្ហាញថា ការផ្ទេរគ្រាប់រំសេវ ដើម្បីជួយការពារប្រទេសអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី បានកើតឡើងអស់រយៈពេលជាង ១ឆ្នាំហើយ។ បទប្បញ្ញត្តិនៃការនាំចេញអាវុធរបស់ឥណ្ឌា កម្រិតការប្រើប្រាស់អាវុធយុទ្ធភណ្ឌ ចំពោះអ្នកទិញដែលត្រូវបានប្រកាស ដែលប្រឈមនឹងបញ្ចប់ការលក់ នាពេលខាងមុខ ប្រសិនបើការផ្ទេរដោយគ្មានការអនុញ្ញាត កើតមានឡើង។
មន្ត្រីឥណ្ឌា ៣រូប បាននិយាយថា វិមានក្រឹមឡាំងបានលើកឡើងពីបញ្ហានេះយ៉ាងហោចណាស់ ២លើកមកហើយ ក្នុងនោះរួមទាំងអំឡុងកិច្ចប្រជុំខែកក្កដា រវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីឥណ្ឌារបស់លោកផងដែរ។ ព័ត៌មានលម្អិតនៃការផ្ទេរគ្រាប់រំសេវ ត្រូវបានរាយការណ៍ដោយសារព័ត៌មាន Reuters លើកដំបូង។
ក្រសួងការបរទេស និងការពារជាតិរុស្ស៊ី និងឥណ្ឌា មិនបានឆ្លើយតបនឹងសំណួរនានានោះឡើយ។ កាលពីខែមករា អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានប្រាប់សន្និសីទសារព័ត៌មានថា ឥណ្ឌាមិនបានបញ្ជូន ឬលក់គ្រាប់កាំភ្លើងធំទៅឲ្យអ៊ុយក្រែននោះទេ៕


