យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងថា ប្រមុខបក្សកុម្មុយនីស្ត កំពុងកាន់អំណាចរបស់វៀតណាម លោក To Lam នឹងទៅបំពេញទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ និងចូលរួមក្នុងសម័យប្រជុំលើកទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក ។
បន្ទាប់មក លោក Lam នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា ដែលជាដៃគូកុម្មុយនីស្តយូរអង្វែងមកហើយរបស់វៀតណាម។ សេចក្តីថ្លែងការណ៍ បានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក Lam នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា។ តែយ៉ាងណាក្ដី មិនមានការផ្តល់ពេលវេលាជាក់លាក់នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនីមួយៗនោះទេ។
សារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ (ទី១៧ ខែកញ្ញា) បានរាយការណ៍ថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ច នៅសហរដ្ឋអាមេរិករបស់លោក លោក Lam នឹងថ្លែងសុន្ទរកថានៅឯព្រឹត្តិការណ៍ UN និងជួបជាមួយតំណាងមកពីសាជីវកម្មអាមេរិកជាច្រើន ក្នុងនោះរួមទាំង Google របស់ក្រុមហ៊ុន Alphabet និងបណ្ដាញសង្គម Facebook របស់ក្រុមហ៊ុន Meta។
ជាមួយគ្នានេះ ទាំងអ្នកនាំពាក្យក្រសួងការបរទេស និងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល មិនបានបញ្ជាក់ឲ្យដឹងថា តើលោក Lam នឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden អំឡុងទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដែរ ឬអត់៕