រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានចាកចេញពីទីក្រុងគែ ប្រទេសអេហ្ស៊ីបនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងកិច្ចខិតខំបន្តទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ស្របពេលភាពតានតឹងឡើងកម្តៅខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ។
ក្រោយជំនួបជាមួយក្រុមមន្រ្តីអេហ្ស៊ីប លោក Blinken បានព្រមានពីហានិភ័យកើនឡើងនៃភាពតានតឹង បន្ទាប់ពីការផ្ទុះឧបករណ៍ទាក់ទងជាបន្តបន្ទាប់របស់ក្រុមហេសប៊ូឡា ដែលបានអង្រួនតំបន់មួយនេះ ។
ព័ត៌មាននៃការផ្ទុះឧបករណ៍ទាក់ទង បានកើតមានឡើង ពេលដែលមន្រ្តីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិករូបនេះ ធ្វើដំណើរទៅកាន់ទីក្រុងគែ ជួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់អេហ្ស៊ីប ដោយសង្ឃឹមថានឹងពន្លឿនកិច្ចខិតខំទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ក៏ដូចជាធ្វើឲ្យល្អប្រសើរឡើងទំនាក់ទំនងជាមួយអេហ្ស៊ីប ។
លោក Blinken និយាយអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីបថា លោកបានផ្តោតសំខាន់លើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលនឹងនាំភាពស្ងប់ស្ងាត់ រួមទាំងតំបន់ព្រំដែនភាគខាងជើងអ៊ីស្រាអែលជាមួយប្រទេសលីបង់ ហើយនិង ១៥កថាខណ្ឌក្នុងចំណោម ១៨កថាខណ្ឌនៃកិច្ចព្រមព្រៀង ដែលត្រូវបានយល់ព្រមដោយភាគីទាំងអស់ ។
នៅក្នុងទីក្រុងគែ លោក Blinken បានជួបជាមួយប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi ដោយរូបលោកមិនត្រឹមតែពិភាក្សាលើជម្លោះនៅហ្កាហ្សាប៉ុណ្ណោះទេ ប៉ុន្តែកិច្ចខិតខំធ្វើឲ្យល្អប្រសើរឡើងរវាងសហរដ្ឋអាមេរិក និងអេហ្ស៊ីបផងដែរ ។
ក្រុមមន្រ្តីអេហ្ស៊ីប បានដើរតួយ៉ាងសំខាន់ជាអន្តរការីក្នុងកិច្ចព្រមព្រៀងរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ។
មន្រ្តីរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា លោក Blinken នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសបារាំង អ៊ីតាលី និងអង់គ្លេសនៅក្នុងទីក្រុងប៉ារីស ដើម្បីពិភាក្សាលើបញ្ហានៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន ហើយនិងបញ្ហាផ្សេងទៀត ។ លោកនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ផងដែរ ៕


