អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងប៉េកាំង ជំរុញឲ្យសហរដ្ឋអាមេរិក ដកចេញប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមដែលបានដាក់ពង្រាយនៅប្រទេសហ្វីលីពីន ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។
ប្រភពដឹងច្បាស់ពីបញ្ហានេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកគ្មានផែនការភ្លាមៗនោះទេ ក្នុងការដកចេញប្រព័ន្ធមីស៊ីលមួយនេះ បើទោះបីជាមានការទាមទាររបស់ចិនក៏ដោយ ហើយពួកគេនឹងសាកល្បងលទ្ធភាពនៃការប្រើប្រាស់វានៅក្នុងជម្លោះក្នុងតំបន់ ។
សហរដ្ឋអាមេរិក និងហ្វីលីពីន និយាយថា ប្រព័ន្ធមីស៊ីល Typhon ដែលអាចបំពាក់មីស៊ីលតម្រង់គោលដៅអាចវាយប្រហារគោលដៅនៅក្នុងប្រទេសចិននោះ ត្រូវបាននាំយកមកសម្រាប់ការធ្វើសមយុទ្ធរួមគ្នាកាលពីដើមឆ្នាំនេះ ។
ចិន និងរុស្ស៊ី បានថ្កោលទោសការដាក់ពង្រាយដំបូងរបស់ប្រព័ន្ធមីស៊ីល Typhon មកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយពួកគេចោទប្រកាន់ទីក្រុងវ៉ាស៊ីងតោនថា បង្កឲ្យមានការប្រកួតប្រជែងសព្វាវុធ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយថា ចិនមានការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ពាក់ព័ន្ធ ។
លោកបន្តថា ពាក់ព័ន្ធនឹងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅហ្វីលីពីនដោយសហរដ្ឋអាមរិក ចិនសូមបញ្ជាក់ពីការជំទាស់យ៉ាងមុតមាំរបស់ខ្លួនម្តងហើយម្តងទៀត ។
លោកថា ការធ្វើបែបនេះ វាបញ្ច្រាស់ទិសយ៉ាងធ្ងន់ធ្ងរពីប្រវត្តិសាស្រ្ត វាដើរតួជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិសុខប្រទេសនៅក្នុងតំបន់ ហើយវានឹងធ្វើឲ្យមានការប្រឈមផ្នែកភូមិសាស្ត្រនយោបាយកាន់តែធ្ងន់ធ្ងរឡើង ៕


