ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកញ្ញា) នេះ បាននិយាយថា ទឹកប្រាក់ចំនួន ១៦០លានអឺរ៉ូយកពីប្រាក់ចំណូលនៃទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក នឹងត្រូវបានបញ្ជូនទៅបំពេញតម្រូវការមនុស្សធម៌បន្ទាន់របស់អ៊ុយក្រែន សម្រាប់រដូវរងារនេះ។
រុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនប្រហែល ៩ជីហ្គាវ៉ាត់ (GW) ដែលលោកស្រី von der Leyen បាននិយាយថា ជា «ប្រព័ន្ធថាមពលមានទំហំស្មើនឹងរដ្ឋបាល់ទិកទាំង៣»។
ក្រៅពីការដាក់បញ្ចូលសាច់ប្រាក់នេះ សហភាពអឺរ៉ុប (EU) នឹងជួយដល់ការជួសជុល និងការនាំចេញបន្ថែម។ ទីភ្នាក់ងារថាមពលអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា អ៊ុយក្រែនអាចប្រឈមនឹងការខ្វះខាតថាមពល ៦ជីហ្គាវ៉ាត់ ក្នុងរដូវរងារនេះ ដោយសារតម្រូវការអគ្គិសនីខ្ពស់បំផុត កើនឡើង។
រោងចក្រថាមពលឥន្ធនៈមួយ កំពុងត្រូវបានរុះរើនៅប្រទេសលីទុយអានី ហើយនឹងត្រូវសាងសង់ឡើងវិញ ក្នុងប្រទេសអ៊ុយក្រែន ដែល ៨០ភាគរយនៃរោងចក្រកម្ដៅរបស់ប្រទេសនេះត្រូវបានបំផ្លាញ។ ហើយជាមួយគ្នានេះ ១ភាគ៣នៃវារីអគ្គិសនីរបស់អ៊ុយក្រែនក៏លែងដំណើការដែរ៕


