នៅថ្ងៃព្រហស្បតិ៍នេះ ខេត្ត Zhejiang របស់ចិន ប្រឈមការមកដល់របស់ព្យុះត្រូពិក Pulasan ដែលគេរំពឹងថា វានឹងនាំមកជាមួយខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងទៅកាន់តំបន់ឆ្នេរភាគខាងកើត ។
រូបភាពវីដេអូឃ្លីបដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋចិន CCTV ឃើញក្រុមប្រជានេសាទ បើកទូករបស់ពួកគេចូលចតកំពង់ ហើយអ្នកស្រុកនៅតាមតំបន់ឆ្នេរ រៀបចំបង្កើតជារបាំងទប់ទឹកជំនន់ ។
លោក Jin Zinge គឺជាអ្នកនេសាទក្នុងស្រុកមួយរូប និយាយថា ពួកយើងឡើងកំពង់ មុនពេលព្យុះមកដល់ ចងខ្សែពួរឲ្យជាប់ ហើយនិងធ្វើអ្វីគ្រប់បែបយ៉ាងដែលពួកយើងអាចធ្វើបាន ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និងទូកនេសាទរបស់ពួកយើង ។
គិតត្រឹមវេលាម៉ោង ៨ ម៉ោងសកល ថ្ងៃព្រហស្បតិ៍នេះ ព្យុះ Pulasan ស្ថិតនៅចម្ងាយ ១២៥ គ.មភាគខាងកើតខេត្ត Zhejiang ដោយវាបោកបក់យឺតៗខិតមកជិតតំបន់ឆ្នេរភាគខាងកើត ក្នុងល្បឿន ៣៥គ.មក្នុង ១ម៉ោង ។
ព្យុះនេះដែរ ត្រូវបានគេរំពឹងថា វានឹងបោកបក់ទៅដល់ដីគោកនៅតំបន់ឆ្នេរភាគខាងកើតប្រទេសចិន នៅយប់ថ្ងៃព្រហស្បតិ៍នេះ ៕



