ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ក៏ដូចជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ដែលបាននាំយកមកឧបត្ថម្ភផ្តល់ជូនសម្ភារៈបរិក្ខារពេទ្យចំរុះយ៉ាងច្រើនទាំងនេះ ដើម្បីចែកជូនក្រុមគ្រូពេទ្យ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ជាបន្តទៀត។
ចំពោះសម្ភារៈបរិក្ខារពេទ្យទាំង១៥០កេស រួមមាន ៖ សម្ភារៈរុំ និងថែទាំរបួស សម្ភារៈជំនួយការពិនិត្យជំងឺទូទៅ និងរោគស្ត្រី ជំនួយការងារមន្ទីរពិសោធន៍ ជំនួយការវះកាត់ និងបរិក្ខារផ្សេងៗជាច្រើនទៀត៕


