ចៅក្រមទីក្រុងហុងកុង នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកញ្ញា) នេះ បានកាត់ទោសបុរស ២នាក់ នៅក្នុងសំណុំរឿងបះបោរលើកដំបូងរបស់ទីក្រុងនេះ ក្រោមច្បាប់សន្តិសុខជាតិថ្មី ដោយម្នាក់ត្រូវបានជាប់ទោសពីបទពាក់អាវដែលមានពាក្យស្លោកតវ៉ា និងម្នាក់ទៀត ពាក់ព័ន្ធនឹងការសរសេរសារស្រដៀងគ្នា នៅលើកៅអីរថយន្តក្រុង។
ជាដំបូង ប្រធានចៅក្រម លោក Victor So បានកាត់ទោសលោក Chu Kai-pong អាយុ ២៧ឆ្នាំឲ្យជាប់ពន្ធនាគារ ១៤ខែ ក្រោមច្បាប់កាត់ទោសដ៏តឹងរ៉ឹងដែលបង្កើតឡើងដោយសភារបស់ទីក្រុង កាលពីខែមីនា។
តាមរយៈសាលក្រមជាលាយលក្ខណ៍អក្សរ លោក So បានរៀបរាប់ថា៖ «ប្រសិនបើច្បាប់មិនធ្វើអន្តរាគមន៍ទាន់ពេលវេលា ហើយអនុញ្ញាតឲ្យមានការបះបោរលក្ខណៈបុគ្គល កើតឡើងនោះ វានឹងនាំឲ្យមានភាពចលាចលក្នុងសង្គមជាថ្មីម្ដងទៀតមិនខាន»។
លោក Chu បានផ្ដល់ចម្លើយពីភាពមានទោសថា បានពាក់អាវយឺតក្នុងន័យញុះញង់ ដោយមានពាក្យស្លោក «រំដោះហុងកុង បដិវត្តន៍នៃសម័យកាលរបស់យើង»។ ពាក្យស្លោកនេះត្រូវបានស្រែកនៅតាមដងផ្លូវក្នុងអំឡុងពេលប៉ុន្មានខែនៃបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានធ្វើឲ្យទីក្រុងហុងកុងរំជើបរំជួល ក្នុងឆ្នាំ២០១៩។
បន្ទាប់មក លោកចៅក្រម So បានកាត់ទោសបុរសហុងកុងម្នាក់ទៀតឈ្មោះ Chung Man-kit អាយុ ២៩ឆ្នាំឲ្យជាប់ពន្ធនាគារ ១០ខែ នៅក្នុងសំណុំរឿងសន្តិសុខដាច់ដោយឡែកមួយទៀត នាថ្ងៃព្រហស្បតិ៍នេះ។
លោក Chung នៅថ្ងៃព្រហស្បតិ៍នេះ បានផ្ដល់ចម្លើយពីភាពមានទោស ចំពោះបទចោទប្រកាន់ចំនួន ៣ករណី ពាក់ព័ន្ធនឹងសកម្មភាពបោះបោរ ដោយការសរសេរពាក្យស្លោកតស៊ូមតិទាមទារឯករាជ្យឲ្យទីក្រុងហុងកុង និង «រំដោះហុងកុង បដិវត្តន៍នៃសម័យរបស់យើង» នៅលើផ្នែកខាងក្រោយនៃកៅអីរថយន្តក្រុង ក្នុងខែមីនា និងខែមេសា៕