ទីភ្នាក់ងារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ជនប៉ាឡេស្ទីន ៣នាក់ ត្រូវបានសម្លាប់ និង ៤នាក់ផ្សេងទៀត រងរបួស ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល អំឡុងការវាយឆុ្មក់យោធារបស់ពួកគេនៅទីក្រុង Qabatiya ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង ។
ទីភ្នាក់ងារព័ត៌មានមួយនេះ រាយការណ៍ទៀតថា កងទ័ពអ៊ីស្រាអែល បានបើកការបាញ់រះដ៏ឥតញញើតដៃលើផ្ទះឡោមព័ទ្ធមួយខ្នង ស្របពេលដែលកងកម្លាំងរបស់ពួកគេកាន់តែច្រើន បានធ្វើដំណើរមកដល់ទីក្រុង Qabatiya ។
ការវាយប្រហារនេះ បានកើតមានឡើង បន្ទាប់ពីការវាយឆ្មក់ឥតឈប់ឈរនៅតាមតំបន់ជាច្រើនក្នុងវ៉េសប៊ែង ដោយទាហានអ៊ីស្រាអែល ដោយមានគោលដៅបោសសម្អាតក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ ដែលរៀបផែនការវាយប្រហារជនស៊ីវិលអ៊ីស្រាអែល ។
នៅថ្ងៃព្រហស្បតិ៍នេះដែរ ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក Mahmoud Abbas បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez នៅក្នុងទីក្រុង Madrid ដើម្បីព្យាយាមដោះស្រាយបញ្ហារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។
ដំណើរទស្សនកិច្ចរបស់លោក បានកើតមានរយៈពេលជាច្រើនខែ ក្រោយអេស្ប៉ាញ អៀរឡង់ និងន័រវែស ទទួលស្គាល់ជាផ្លូវការរដ្ឋប៉ាឡេស្ទីន និងរយៈពេលប៉ុន្មានថ្ងៃ ក្រោយអេស្ប៉ាញធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកម្រិតខ្ពស់របស់បណ្តាប្រទេសមូស្លីម និងប្រទេសអឺរ៉ុប ក្នុងដំណើរឆ្ពោះទៅរកការបញ្ចប់សង្រ្គាមហ្កាហ្សា ។ គេរំពឹងថា មេដឹកនាំទាំង ២នឹងផ្តល់សេចក្តីថ្លែងការណ៍រួម ក្រោយជំនួបរបស់ពួកគេ ៕