កសិដ្ឋាននៅភូមិ Beit Dajan ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែងរបស់អ៊ីស្រាអែល បានក្លាយជាប្រភពប្រាក់ចំណូលដ៏សំខាន់មួយសម្រាប់កម្មករសំណង់ប៉ាឡេស្ទីន ដែលកាលពីមុនត្រូវបានគេជួលឲ្យធ្វើការនៅប្រទេសអ៊ីស្រាអែល គឺមុនពេលពួកគេបាត់បង់ការអនុញ្ញាតឲ្យចូលប្រទេសមួយនេះ ក្រោយការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
សហគមន៍ជាច្រើននៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ បានពឹងផ្អែកលើមុខរបរកសិកម្ម ប៉ុន្តែដោយសារការរកប្រាក់ចំណូលខាងក្រៅបានខ្ពស់ជាង ធ្វើឲ្យចំនួនកសិករធ្លាក់ចុះ ដោយពួកគេមួយចំនួន ជ្រើសរើសការងារនៅក្នុងប្រទេសអ៊ីស្រាអែលជំនួសវិញ ។
ប៉ុន្តែចាប់តាំងពីថ្ងៃទី ៧ ខែតុលា រហូតមក ជនប៉ាឡេស្ទីនដែលជាកម្មករសំណង់ បានងាកមករកមុខរបរចាស់របស់ពួកគេវិញ ដោយធ្វើការដាំដុះនៅក្នុងដីចម្ការរបស់ពួកគេ ។
លោក Mazen Abu Jaish រស់នៅក្នុងភូមិ Beit Dajan ស្ថិតក្នុងចំណោមកម្មករប៉ាឡេស្ទីន ២០ម៉ឺននាក់ ដែលធ្លាប់ធ្វើដំណើររាល់ថ្ងៃចេញពីតំបន់វ៉េសប៊ែងទៅកាន់ប្រទេសអ៊ីស្រាអែល ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវទៅធ្វើការ ។
ប៉ុន្តែឥឡូវភាគច្រើននៃពួកគេ លែងចេញទៅធ្វើការងារខាងក្រៅទៀតហើយ ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើង ដោយសារក្តីកង្វល់ពីសន្តិសុខ ។
ដោយសល់ដីមានជីជាតិ និងមធ្យោបាយកសិកម្ម លោក Abu Jaish និងកម្មករមួយក្រុម បានសុំការគាំទ្រពីអាជ្ញាធរក្នុងស្រុក ដើម្បីអាចឲ្យពួកគេចាប់ផ្តើមគម្រោងកសិកម្មបាន ។
លោក Abu Jaish និយាយថា វាលែងត្រូវការឲ្យពួកយើងធ្វើការរយៈពេលយូរទៀតហើយ នៅទីនេះ ពួកយើងធ្វើការរយៈពេល ៦-៧ម៉ោងប៉ុណ្ណោះ ជាមួយប្រាក់ចំណូលសមរម្យ ៕