ភាគីបង្កសង្រ្គាមស៊ូដង់និយាយថា ពួកគេបើកទូលាយចំពោះដំណោះស្រាយសន្តិភាព ដើម្បីបញ្ចប់ជម្លោះរយៈពេល ១៧ខែរបស់ពួកគេ ប៉ុន្តែពួកគេនៅតែដាក់ការស្តីបន្ទោសឲ្យគ្នាទៅវិញទៅមក សម្រាប់ការខកខានមួយនេះ ។
ពួកគេបាននិយាយបែបនេះ ដើម្បីជាការឆ្លើយតបចំពោះការអំពាវនាវរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ឲ្យមានការចូលរួមឡើងវិញ នៅក្នុងកិច្ចប្រជុំស្វែងរកសន្តិភាព ។
គួរឲ្យដឹងថា កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) បានចែករំលែកអំណាច ក្រោយធ្វើរដ្ឋប្រហារ ។
ប៉ុន្តែកាលពីខែមេសាឆ្នាំមុន ការប្រកួតប្រជែងអំណាចរវាងភាគីទាំង ២ បានផ្ទុះជាសង្រ្គាមដោយបើកចំហរ ។ មនុស្សជាង ១២.០០០នាក់ ត្រូវបានសម្លាប់ ។
កាលពីថ្ងៃពុធម្សិលមិញ មេបញ្ជាការកងទ័ពស៊ូដង់លោក Abdel Fattah al-Burhan និយាយថា រដ្ឋាភិបាលស៊ូដង់ នៅតែបើកទូលាយចំពោះកិច្ចខិតខំលក្ខណៈស្ថាបនាទាំងអស់ ដែលមានគោលដៅបញ្ចប់សង្រ្គាមមួយនេះ ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ មេបញ្ជាការកងទ័ព RSF លោក Mohamed Hamdan Dagalo បានសន្យាធ្វើតាមដូចគ្នា ។ លោកថា RSF បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេលើកិច្ចចរចាបទឈប់បាញ់ ហើយលោកនិយាយថា ពួកគេមានជំនឿថា មាគ៌ាឆ្ពោះទៅរកសន្តិភាព មានឆ្លងកាត់កិច្ចពិភាក្សាប៉ុណ្ណោះ ។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីបង្កសង្រ្គាមទាំង ២នៅតែដាក់ការស្តីបន្ទោសឲ្យគ្នាទៅវិញទៅមកភាគី សម្រាប់បរាជ័យមួយនេះ ៕