យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួន បានវាយលុកគោលដៅរបស់ក្រុមហេសបូឡា (Hezbollah) នៅភាគខាងត្បូងប្រទេសលីបង់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (១៩ កញ្ញា) ដោយបានវាយប្រហារទៅលើជើងទម្របាញ់គ្រាប់រ៉ូកែតជាច្រើនគ្រឿង ដែលត្រូវបានត្រៀមដើម្បីប្រើប្រាស់បាញ់ប្រហារភ្លាមៗទៅកាន់ទឹកដីអ៊ីស្រាអែល។

យោធានិយាយថា ចាប់តាំងពីពេលរសៀលមក យន្តហោះចម្បាំងបានវាយប្រហារទៅលើជើងទម្របាញ់រ៉ូកែតចំនួន ១០០គ្រឿង ដែលមានទាំងប្រភេទបេអឹម ប្រហែល ១.០០០គ្រឿង។ យោធាបន្ថែមថា «កងកម្លាំងការពារអ៊ីស្រាអែល IDF នឹងបន្តប្រតិបត្តិការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពរបស់អង្គការភេរវករ ហេសបូឡា ដើម្បីការពាររដ្ឋអ៊ីស្រាអែល»។

ការវាយប្រហារដ៏ខ្លាំងក្លានោះបានធ្វើឡើងបន្ទាប់ពីការបំផ្ទុះឧបករណ៍ទាក់ទងកាលពីដើមសប្តាហ៍ ដែលត្រូវលីបង់ និងក្រុមហេសបូឡា ចាត់ទុកថាជាទង្វើរបស់អ៊ីស្រាអែល ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងរបួសរាប់ពាន់នាក់នៅលីបង់។

ប្រភពសន្តិសុខលីបង់ចំនួនបីបាននិយាយថា នៅក្នុងប្រតិបត្តិការនៅយប់ថ្ងៃព្រហស្បតិ៍នោះ អ៊ីស្រាអែលបានបាញ់គ្រាប់បែករាប់សិបគ្រាប់នៅទូទាំងប្រទេសលីបង់ភាគខាងត្បូង។ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនោះទេ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយថា អ៊ីស្រាអែលនឹងបន្តសកម្មភាពយោធាប្រឆាំងនឹងក្រុមហេសបូឡា៕