ភ្នំពេញ៖ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤នេះ មានប្រសាសន៍តាមបណ្ដាញសង្គមថា ប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជា បានបន្តកើនឡើងជារៀងរាល់ឆ្នាំ មិនថានៅក្នុងបរិបទកូវីដ-១៩ ឬក៏វិបត្តិសេដ្ឋកិច្ចសកលក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តែងបានគិតគូរជាប់ជាប្រចាំដល់សុខទុក្ខបងប្អូនកម្មករ-និយោជិតជានិច្ច។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ទោះបីជាប្រាក់ឈ្នួលអប្បបរមានៅប្រទេសដទៃ រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន មានភាពនឹងថ្កល់ ឬត្រូវបានកាត់បន្ថយ ដោយសារវិបត្តិសកលក្តី ក៏កម្ពុជាបន្តប្តេជ្ញាតំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំផងដែរ មិនថាតិចក្តី ច្រើនក្តី ដែលនេះ ជាការបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាព និងការយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនកម្មករ-និយោជិត៕

