'មេដឹកនាំក្រុមហេសបូឡា បាននិយាយថា ការវាយប្រហារដោយគ្រាប់បែក តាមរយៈការប្រើប្រាស់ឧបករណ៍បញ្ជូនសារអគ្គិសនី និងវិទ្យុទាក់ទងឬ អាយកូម រាប់ពាន់គ្រឿងរបស់ក្រុមប្រដាប់អាវុធលីបង់ បានឆ្លងបន្ទាត់ក្រហមទាំងអស់ ហើយបានចោទប្រកាន់អ៊ីស្រាអែលនូវអ្វីដែលលោកបាននិយាយតំណាងឱ្យការប្រកាសសង្គ្រាម។

នៅក្នុងសុន្ទរកថាមួយ លោក Hassan Nasrallah បានទទួលស្គាល់ថាក្រុមហេសបូឡា បានរងការវាយប្រហារធ្ងន់ធ្ងរមិនធ្លាប់មាន ប៉ុន្តែលោកបានប្តេជ្ញាបន្តប្រយុទ្ធ និងសងសឹកវិញយ៉ាងស័ក្ដិសម ។

អ៊ីស្រាអែល ពុំបាននិយាយថាខ្លួននៅពីក្រោយការបំផ្ទុះចំនួន២លើក កាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ ដែលក្រុមអាជ្ញាធរលីបង់បាននិយាយថាបានសម្លាប់មនុស្ស ៣៧ នាក់ និង ៣.០០០ នាក់បានរបួស នោះទេ។
ខណៈលោក Nasrallah កំពុងថ្លែងនៅតាមទូរទស្សន៍ គេបានលឺសំឡេងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល នៅលើរដ្ឋធានីបេរូត ដោយបង្កការភ័យខ្លាចដល់ប្រជាជន ដែលបានតក់ស្លត់រួចទៅហើយ និងមានការវាយប្រហារដាក់គោលដៅផ្សេងទៀតនៅភាគខាងត្បូងប្រទេសលីបង់។
រយៈពេល១១ខែនៃការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ដែលបង្កឡើងដោយសង្រ្គាមនៅដែនដីហ្កាហ្សា បានសម្លាប់មនុស្សរាប់រយនាក់ ដែលភាគច្រើនជាសមាជិកក្រុមយុទ្ធជនហេសបូឡា និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានភៀសខ្លួននៅទាំងសងខាងនៃព្រំដែនរបស់ប្រទេសលីបង់ និងអ៊ីស្រាអែល៕