ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុនឌឺលេយ៉េន (Ursula von der Leyen) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៩ កញ្ញា) ថា សហភាពអឺរ៉ុប នឹងផ្តល់ប្រាក់រាប់ពាន់លានអឺរ៉ូ ដើម្បីជួយអឺរ៉ុបកណ្តាលឱ្យងើបឡើងវិញពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ខណៈលោកស្រីបានសន្យាគាំទ្រដល់តំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះធម្មជាតិ។

ទឹកជំនន់ដ៏អាក្រក់បំផុតដែលបានវាយលុកអឺរ៉ុបកណ្តាលក្នុងរយៈពេលយ៉ាងហោចណាស់ពីរទសវត្សរ៍នេះ បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយចាប់ពីប្រទេសរូម៉ានី ដល់ប៉ូឡូញ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤នាក់ បំផ្លាញស្ពាន ជន់លិចផ្លូវ និងធ្វើឱ្យទីក្រុងនានាពោរពេញដោយល្បប់ភក់ និងកម្ទេចកម្ទី។

ទឹកជំនន់នេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន និងអូសបន្លាយជាច្រើនថ្ងៃ ដែលបណ្តាលឱ្យទឹកទន្លេជោរជន់ខ្លាំងនៅតាមផ្នែកជាច្រើននៃតំបន់។ លោកស្រី Von der Leyen បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងរ៉ូក្លាវ (Wroclaw) របស់ប៉ូឡូញ រួមជាមួយបណ្ដាមេដឹកនាំនៃប្រទេសដែលរងផលប៉ះពាល់ថា «យើងនៅទីនេះដើម្បីបញ្ជាក់ការធានាឡើងវិញថា អឺរ៉ុបបន្តឈរក្បែរអ្នកជានិច្ច»។

ប្រធានគណៈកម្មការអឺរ៉ុបរូបនេះបានបន្តថា ថវិកា ១០ពាន់លានអឺរ៉ូ (១១,១៦ ពាន់លានដុល្លារ) នឹងអាចបញ្ចេញពីមូលនិធិបង្រួបបង្រួមសហភាពអឺរ៉ុប ហើយលក្ខខណ្ឌមួយចំនួនដែលជាធម្មតាភ្ជាប់ជាមួយមូលនិធិបែបនេះ ដូចជាសហហិរញ្ញប្បទានដោយរដ្ឋជាសមាជិក នឹងត្រូវបានដកចេញដើម្បីធ្វើឱ្យការឆ្លើយតបកាន់តែរហ័ស។ លោកស្រីក៏បានបន្ថែមថា ប្រាក់ពីមូលនិធិសាមគ្គីភាពរបស់សហភាពអឺរ៉ុប ដែលជួយដល់ប្រទេសជាសមាជិកដែលរងគ្រោះដោយគ្រោះធម្មជាតិ នឹងត្រូវប្រើដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញដល់តំបន់រងគ្រោះពីទឹកជំនន់៕