លោតទឹក៖ កីឡាការិនីអូស្ត្រាលី Rhiannan Iffland និងកីឡាករបារាំង Gary Hunt ទីបំផុតអាចការពារតំណែងជើងឯកលោតទឹក Red Bull Cliff Diving ពិភពលោកបានសំរេចក្រោយជ័យជំនះការប្រកួតនៅទឹកដីអ៊ីតាលី។

ការប្រកួតនៅអ៊ីតាលីរៀបចំឡើងនៅ Puglia តែលើកនេះមានការរំខានខ្លាំងដោយសារខ្យល់ ដែលបណ្តាលឱ្យមានរលកបោកបក់ខ្លាំង ដែលធ្វើឱ្យគណៈកម្មាធិការរៀបចំការប្រកួតកាត់បន្ថយពីប្រកួត ៤ជុំមកត្រឹម ៣ជុំ។ តែសំរាប់ផ្នែកនារី Rhiannan Iffland មិនបានបង្ហាញពីភាពទន់ខ្សោយឡើយ ខណៈដែលនាងត្រូវការត្រឹមបញ្ចប់នៅចំណាត់ថ្នាក់ Top5 ប៉ុណ្ណោះដើម្បីក្លាយជាជើងឯក។ មិនត្រឹមតែប៉ុណ្ណោះកីឡាការិនីវ័យ ៣០ឆ្នាំរូបនេះថែមទទួលបានជ័យជំនះតែម្តងនៅអ៊ីតាលីនេះដែលជាជ័យជំនះ ១១លើកផ្ទួន ៣រដូវកាលចុងក្រោយ។

ងាកមកផ្នែកបុរសវិញ កីឡាករបារាំង Gary Hunt នៅតែតួឯកលើប្រភេទកីឡាមួយនេះ ក្រោយឈ្នះការប្រកួតនៅអ៊ីតាលីនេះជាលើកទី៩ ក្នុងរយៈពេល ១២រដូវកាលចុងក្រោយ។ កីឡាកររ៉ូម៉ានី Constantine Popovici ទទួលបានចំណាត់ថ្នាក់លេខ២ និងលេខ៣ កីឡាករ Catalin Preda៕
អត្ថបទ៖នាង សុភាវុធ