ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៩ កញ្ញា) ថា កងកម្លាំងអ៊ុយក្រែន បានកាត់បន្ថយសក្តានុពលនៃកងទ័ពរុស្ស៊ី ក្នុងការបើកការវាយប្រហារនៅក្នុងតំបន់ ដូណិតស្ក៍ (Donetsk) នៅសមរភូមិមុខភាគខាងកើត នៃសង្រ្គាមដែលមានអាយុកាលជាង ២ឆ្នាំកន្លះមកនេះ។

លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាពេលយប់របស់ខ្លួនបន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមមេបញ្ជាការថា៖ យោធាកំពុងប្រឹងប្រែងអស់ពីសមត្ថភាព «ដើម្បីបង្កើនភាពធន់នៃកងពលតូចប្រយុទ្ធរបស់ខ្លួន» ហើយនៅពេលនេះ កងកម្លាំងការពារអ៊ុយក្រែន បានកាត់បន្ថយសក្តានុពលនៃការវាយលុករបស់រុស្ស៊ី នៅក្នុងតំបន់ Donetsk។

លោកបន្តថា ស្ថានភាពនៅតែ «លំបាកយ៉ាងខ្លាំងជាមួយនឹងការប្រយុទ្ធដ៏ស្វិតស្វាញជារៀងរាល់ថ្ងៃ» លើជួរមុខដ៏ធំទាំងពីរនៅភាគខាងកើតដែលទទួលរងការវាយប្រហារភាគច្រើនបំផុតរបស់រុស្ស៊ី នៅជិតទីក្រុង ផុករ៉ូវស្ក៍ (Pokrovsk) និង គូរ៉ាខូវ (Kurakhove)។
លោក Zelenskiy បន្ថែមថា ប្រតិបត្តិការរបស់អ៊ុយក្រែននៅក្នុងតំបន់ Kursk ភាគខាងត្បូងរបស់រុស្ស៊ី ដែលចាប់ផ្តើមកាលពីខែមុន បានទទួលជោគជ័យក្នុងការធ្វើឱ្យយោធារុស្ស៊ី បង្វែរប្រភពធនធានឱ្យឆ្ងាយពីសមរភូមិភាគខាងកើត ហើយការចាប់បានទាហានរុស្ស៊ី បានបង្កើន «ជំហរសម្រាប់ការដោះដូរ» នៃឈ្លើយសឹករបស់អ៊ុយក្រែន ដែលត្រូវប្រើជាថ្នូរក្នុងការសម្របសម្រួលការដោះដូរជាមួយទីក្រុងមូស្គូ៕