គណៈកម្មាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់អ៊ីស្រាអែល ពីការបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាសកលដែលការពារសិទ្ធិកុមារ ដោយបាននិយាយថា សកម្មភាពយោធារបស់ប្រទេសនេះ នៅតំបន់ហ្កាហ្សា បានជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដល់សិទ្ធកុមារ ហើយជាការរំលោភបំពានដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មនុស្សជាង ៤១.០០០នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាស។ ទិន្នន័យរបស់ដែនដីប៉ាឡេស្ទីន បានបង្ហាញថា ក្នុងចំណោមអ្នកស្លាប់នៅតំបន់ហ្កាហ្សា យ៉ាងហោចណាស់ ១១.៣៥៥នាក់ ជាកុមារ ហើយកុមាររាប់ពាន់នាក់ទៀតរងរបួស។

លោក Bragi Gudbrandsson អនុប្រធានគណៈកម្មាធិការ បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «ការស្លាប់ដ៏គួរឱ្យសង្វេគរបស់កុមារ គឺស្ទើរតែមានតែមួយគត់ក្នុងប្រវត្តិសាស្ត្រ។ នេះជាកន្លែងងងឹតបំផុត ក្នុងប្រវត្តិសាស្ត្រ។
លោកនិយាយថា លោកមិនគិតថា យើងធ្លាប់បានជួបប្រទះពីមុនមកនោះទេ ការរំលោភបំពានដែលមានទំហំធំ ដូចដែលយើងបានឃើញនៅតំបន់ហ្កាហ្សាពេលនេះ។ អ៊ីស្រាអែល ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះក្នុងឆ្នាំ ១៩៩១ បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់សវនាការរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ចន្លោះពីថ្ងៃទី ៣ ដល់ថ្ងៃទី៤ ខែកញ្ញា។
ពួកគេបានអះអាងថា សន្ធិសញ្ញានេះ មិនបានអនុវត្តនៅក្នុងតំបន់ហ្កាហ្សា ឬតំបន់ West Bank នោះទេ និងបាននិយាយថា ខ្លួនប្តេជ្ញាគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ អ៊ីស្រាអែលនិយាយថា យុទ្ធនាការយោធារបស់ខ្លួននៅតំបន់ហ្កាហ្សា គឺមានបំណងកម្ចាត់អ្នកគ្រប់គ្រងក្រុមហាម៉ាសនៅតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ហើយខ្លួន ពុំបានដាក់គោលដៅទៅលើជនស៊ីវិលនោះទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធ បានចូលលាក់ខ្លួនក្នុងចំណោមជនស៊ីវិល ដែលការនិយាយបែបនេះ ត្រូវបានក្រុមហាម៉ាសបដិសេធ។