ប្រធានក្រុមហ៊ុនឧបករណ៍ចាប់សញ្ញាអគ្គិសនីសម្រាប់ទាក់ទង ឬហៅថា Pager នៅកោះតៃវ៉ាន់ ដែលជាប់ពាក់ព័ន្ធនឹងការបំផ្ទុះឧបករណ៍ទាក់ទងរាប់ពាន់គ្រឿងមានគោលដៅលើក្រុមហេសបូឡាក្នុងប្រទេសលីបង់ ត្រូវបានអាជ្ញាធរសាកសួរនៅយប់ថ្ងៃព្រហស្បតិ៍ (១៩ កញ្ញា) បន្ទាប់មកត្រូវបានអនុញ្ញាតឱ្យចេញទៅវិញ។

ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន ហ្គូល អាប៉ូឡូ (Gold Apollo) ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ លោក ស៊ូ ឆឹងខ័ង (Hsu Ching-kuang) បាននិយាយថា ខ្លួនមិនបានផលិតឧបករណ៍ដែលប្រើក្នុងការវាយប្រហារនោះទេ ហើយថាឧបករណ៍ទាំងនោះត្រូវបានផលិតដោយក្រុមហ៊ុន BAC មានមូលដ្ឋាននៅទីក្រុងប៊ុយដាប៉ែស ដែលមានអាជ្ញាប័ណ្ណប្រើប្រាស់ម៉ាកសញ្ញារបស់ខ្លួន។

រូបភាពនៃឧបករណ៍ចាប់សញ្ញាដែលត្រូវបានបំផ្លាញ ត្រូវបានវិភាគដោយសារព័ត៌មានរ៉យទ័រ និងបង្ហាញទម្រង់ និងស្ទីកគ័រនៅខាងក្រោយ ដូចទៅនឹងឧបករណ៍ដែលធ្វើឡើងដោយក្រុមហ៊ុន Gold Apollo។
លោក Hsu បានបដិសេធមិនឆ្លើយសំណួរអ្នកយកព័ត៌មាន ខណៈលោកចាកចេញពីការិយាល័យច្បាប់មួយក្នុងទីក្រុងតៃប៉ិ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។

ប្រមុខអាជ្ញាធរសេដ្ឋកិច្ចរបស់តៃវ៉ាន់ បាននិយាយនៅថ្ងៃសុក្រ (២០ កញ្ញា) នេះថា សមាសធាតុដែលប្រើប្រាស់ក្នុងឧបករណ៍រាប់ពាន់គ្រឿងដែលបានបំផ្ទុះនៅលីបង់នោះ មិនត្រូវបានផលិតនៅក្នុងកោះតៃវ៉ាន់នោះទេ។
កំណត់ត្រារបស់ក្រុមហ៊ុនបង្ហាញថាបណ្ដាញ អាប៉ូឡូ ស៊ីស្តឹម (Apollo Systems) ជាមួយក្រុមហ៊ុនអឺរ៉ុបនោះ ត្រូវបានសម្របសម្រួលដោយបុគ្គលិកម្នាក់ឈ្មោះ ថេរ៉េសា អ៊ូ (Teresa Wu) នៅក្នុងខែមេសា ឆ្នាំនេះ។ ភ្លាមៗនេះគេមិនទាន់ដឹងច្បាស់ទេថា Apollo Systems និងក្រុមហ៊ុនអឺរ៉ុប BAC មានទំនាក់ទំនងបែបណាឡើយ។ រដ្ឋាភិបាលកោះតៃវ៉ាន់បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតទៅលើអ្វីដែលបានកើតឡើង ហើយនគរបាលបានចុះទៅកាន់ក្រុមហ៊ុនរបស់លោក Hsu ជាច្រើនដងនៅក្នុងការិយាល័យតូចមួយនៅក្បែរទីក្រុងតៃប៉ិ៕